បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មី នៅសហរដ្ឋអាមេរិក និងនៅលើពិភពលោក បានថយចុះខ្លាំង ចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវនេះ ប៉ុន្ដែនេះមិនទាន់អាចចាត់ទុកថា ពិភពលោកទាំងមូល ទទួលបានឯករាជភាព ពីវីរុសនេះនៅឡើយដែរ។

បើតាមគេហទំព័រ Worldometer  បានចេញផ្សាយ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិករកឃើញ​ករណីឆ្លងថ្មី  ៥ ២៨៥នាក់ និងករណីស្លាប់ថ្មី ១០០នាក់ ខណៈនៅទូទាំងពិភពលោក រកឃើញករណីឆ្លងថ្មី ២៩៧ ៦០៦នាក់ និងករណីស្លាប់ថ្មី ៦ ៥១៩នាក់។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីពេលកន្លងមក បានកំណត់យកទិវាឯករាជ្យ (៤ កក្កដា)  នៃសហរដ្ឋអាមេរិក ជាថ្ងៃដែលសហរដ្ឋអាមេរិក ទទួលបានឯករាជភាពពេញលេញពីជំងឺកូវីដ-១៩។ សហរដ្ឋអាមេរិក មានវ៉ាក់សាំងដ៏ល្បីល្បាញរបស់ខ្លួន សម្រាប់ទប់ទល់នឹងជំងឺដ៏កាចសាហាវនេះ ចំនួន៣ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោក រួមមាន វ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ។

គិតត្រឹមវេលាខាងលើនេះ ប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក (សហរដ្ឋអាមេរិក) មានអ្នកឆ្លងកូវីដ-១៩ សរុប ៣៤ ៣២១ ១៥៨នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ២៨ ៤០០ ១៣២នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥ ៣០៥ ៩៧៣នាក់ ហើយអ្នកស្លាប់ ៦១៥ ០៥៣នាក់។ ដោយឡែក នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង១៧៦,៧លាននាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយជាង ១៦០,៧លាននាក់ និងអ្នកកំពុងសម្រាកព្យាបាលជាង ១២លាននាក់ ហើយអ្នកស្លាប់ជាង ៣,៨លាននាក់៕