រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ បានបន្លំខ្លួនធ្វើជាអ្នកជំងឺកូវីដ ធ្វើសកម្មភាពចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ និងប្រាក់ជាង១លានរៀល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ តែយ៉ាងណា ត្រូវក្រុមគ្រូពេទ្យ និងសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន។

យោងតាមហ្វេសប៊ុក សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា-Doctor Alliance of UYFC បានបង្ហោះថា « ចេះតែមានហ្មង ចោរប្រុស ស្រី២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ សែន សុខ ១ មានករណីចោរ២នាក់បន្លំខ្លួនជាអ្នកជំងឺកូវីដចូលលួចទូរស័ព្ទអ្នកជំងឺកូវីដ១៩ អស់ជិត១០ គ្រឿង និងលុយជាង១លានរៀល ។ ទីបំផុតត្រូវបានក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សហការជាមួយកម្លាំងមានសមត្ថកិច្ចចាប់បានចោរទាំងពីររូប ហើយបានធ្វើតេស្តចោរទាំង២ គឺអវិជ្ជមាន និងបានបញ្ជូនជូនកងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័កចោរទាំង២ មុននឹងចាត់វិធានការតាមផ្លូវច្បាប់ »៕