រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូ១គ្រឿងគ្មានមួកកាពារសុវត្តិភាព ពេលឃើញគោលដៅសមត្ថកិច្ចកំពុងដាក់អនុវត្តច្បាប់ចរាចរណ៍ ស្រាប់តែជិះបកក្រោយ ដើម្បីគេចពីសមត្ថកិច្ច ភ្លាមៗនោះ យុវជនម្នាក់បានរលោតចុះពីម៉ូតូរត់គេចពីកន្លែង ដោយសមត្ថកិច្ចមានការសង្ស័យបានឆែកឆេរម៉ូតូ ស្រាប់ឃើញមានវត្ថុឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូជាច្រើន។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចកំពុងតែអនុវត្តច្បាប់ចរាចរណ៍ មានយុវជនពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CB -7452 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលមកដល់ត្រង់ចំណុចគោលដៅសមត្ថកិច្ច ស្រាប់តែជនសង្ស័យបានជិះម៉ូតូបកក្រោយ ដើម្បីគេចពីសមត្ថកិច្ច តែត្រូវបានសមត្ថកិច្ចឃាត់បាន ស្រាប់តែមានជនសង្ស័យម្នាក់បានlលោតចុះពីម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយសមត្ថកិច្ចមានការសង្ស័យក៏បានឆែកឆេរទៅលើម៉ូតូរបស់ជនសង្ស័យ ក៏បានឃើញមានវត្ថុតាងសម្រាប់កាច់សោ.ក ម៉ូតូជាច្រើននៅក្នុងម៉ូតូ ភ្លាមនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿងយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។

ហេតុក្រោយក្រោយសមត្ថកិច្ចធ្វើការសួរនាំរួចបានបញ្ជូនខ្លួនជនសង្ស័យ និងម៉ូតូ១គ្រឿងទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកជនសង្ស័យ ដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕