រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ សាលាខណ្ឌផ្អាកការងារជាបណ្តោះអាសន្នរយៈពេលខ្លី ដោយសារមានមន្ត្រីបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌច្បារអំពៅចំនួន៣រូបមានវិជ្ជមានកូវីដ១៩។ ក្នុងនោះគឺមានលោកស្រី ខៀវ សុធាវី ជាប្រធានការិយាល័យច្រកចេញចូលតែមួយ ផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺចំនួន៨១០ នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧ ៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០ ៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕