រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពឆក់យកកាបូបលុយសរុបទាំងអស់ជាង៣០០ដុល្លារយកទៅបាត់ តែក្រុមជនសង្ស័យបានបន្សល់ទុកម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះបម្រុងទៅទិញម្ហូប ខណៈជិះមកដល់ចំណុចកើតហេតុហើយផ្លូវស្ងាត់ផងនោះ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៤នាក់បានជិះម៉ូតូចេញមកធ្វើសកម្មភាពឆក់យកកាបូបលុយពីរូបគាត់ ហើយភ្លាមៗនោះរូបគាត់ក៏បានស្រែកឆោឡោឲ្យគេជួយទើបក្រុមជនសង្ស័យភ័យរត់ចោលម៉ូតូមួយគ្រឿង នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូដែលក្រុមជនសង្ស័យទុកចោលនៅកន្លែងកើតហេតុម៉ាកហុងដា BEAT ពណ៌សលាយខៀវពាក់ស្លាកលេខ ភ្នំពេញ1BC-8917 ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម និងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ​ ៕