រាជធានីភ្នំពេញ៖ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ អះអាងថា អ្នកជាប់ឃុំខ្មែរសញ្ជាតិជាតិអាមេរិកអាយុ៧២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលបញ្ជូនទៅព្យាបាលកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីល្ងាចថ្ងៃទី១០មិថុនានេះ។ លោកបញ្ជាក់ថា ពន្ធនាគារនៅតាមបណ្ដារាជធានី-ខេត្តចំនួន៩ហើយ ដែលមានកូវីដ-១៩ ឆ្លងចូលដល់មន្ត្រីពន្ធនាគារនិងអ្នកជាប់ឃុំ។

យោងតាមកិច្ចសម្ភាស៍តាមទូរស័ព្ទជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក នុង សវនា បានឲ្យដឹងថា អ្នកជាប់ម្នាក់ដែលសញ្ជាតិអាមេរិក បានឆ្លងកូវីដ-១៩ រួមទាំងមានជំងឺប្រចាំកាយផង ទើបបណ្ដាលឲ្យស្លាប់។ លោកថ្លែងថា៖ «គាត់(បុរស៧២ឆ្នាំដែលស្លាប់) ឆ្លងកូវីដ-១៩ ហើយចាស់ រួមមានជំងឺប្រចាំកាយផង។ យើងសង្គ្រោះគាត់ ដោយយកទៅពេទ្យមិត្តភាពខ្មែរ-សូវៀតដែរ ប៉ុន្តែយកទៅអត់ទាន់ គាត់ក៏ស្លាប់កាលពីម៉ោង៦ល្ងាចកាលពីម្សិលមិញ។ ខ្ញុំមិនមែនពេទ្យមិនអាចសន្និដ្ឋានថា ស្លាប់ដោយសារកូវីដបានឡើយ»។

បច្ចុប្បន្នភាព កូវីដ-១៩ បានឆ្លងលើមន្រី្តពន្ធនាគារនិងអ្នកជាប់ឃុំ នៅពន្ធនាគារក្នុងខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ ស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន សៀមរាប និងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក នុត សវនា ដោយបន្ថែមថាពន្ធនាគារនៅខេត្តស្វាយរៀង បន្ទាយមានជ័យ ប៉ៃលិន គឺឆ្លងកូវីដ-១៩ចូលលើអ្នកជាប់ឃុំថ្មី។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះថា អង្គភាពរបស់ខ្លួនអាចគ្រប់គ្រងស្ថានកាលរណ៍នៃឆ្លងកូវីដ-១៩ចូលក្នុងពន្ធនាគារបាន។

ចំពោះអ្នកជាប់ឃុំដែលចូលថ្មីហើយរកឃើញឆ្លងកូវីដ-១៩ ក្រុមជំនាញបានដាក់ឲ្យសម្រាកព្យាបាលដោយឡែក មិនឲ្យជាប់ពាក់ព័ន្ធជាមួយអ្នកជាប់ឃុំចាស់ៗឡើយ។ រីឯ មន្រី្តពន្ធនាគារទាំងអស់ ដែលនៅតាមបណ្ដារាជធានី-ខេត្ត គឺបន្ថែមការប្រុងប្រយ័ត្ន និងអនុវត្តវិធានការខ្ពស់ជាមុន។ នេះបើតាមលោក នុត សវនា ដោយសុំមិនបញ្ជាក់តួលេខអ្នកឆ្លងក្នុងពន្ធនាគារ រួមទាំងចំនួនអ្នកស្លាប់ផងដែរ ៕