សេពគ្រឿងស្រវឹងហួសប្រមាណមិនត្រឹមតែធ្វើឱ្យលោកអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ ថែមទាំងផ្ដល់នូវគុណវិបត្ដិមួយចំនួនដល់សុខភាព ប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ដ ជាពិសេសអាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលបាត់បង់ការចងចាំ វង្វេងវង្វាន់អាចឈានដល់កើតជំងឺវិកលចរិត។ ព្រមទាំងប៉ះពាល់ដល់សុខភាពយើងជាច្រើនផងដែរ។

១. ប៉ះពាល់ថ្លើម៖ បើសិនជាលោកអ្នកទទួលទានស្រាហួសកម្រិតមានរយៈពេលយូរនឹងប្រឈមមុខជំងឺក្រិនថ្លើម ហើយបើនៅតែប្រព្រឹត្ដបន្ដទៀតនឹងវិវឌ្ឍទៅជាជំងឺទាចទឹក ក្នុងករណីមិនឈប់ អាចឈានទៅរកជំងឺមហារីកថ្លើមស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត។ ។

២. ប៉ះពាល់ដល់ប្រដាប់រំលាយអាហារ៖ គ្រឿងស្រវឹងធ្វើឱ្យរលាកបំពង់រំលាយអាហារ ចំណីអាហារនៅក្នុងក្រពះត្រូវចង្អោរ ឬភើឡើងលើវិញទៅជារលាកក្រពះ យូរៗអាចទៅជាជំងឺមហារីកពោះវៀនតូច ដោយសារការរំលាយអាហារមិនបាន ។ ជាធម្មតា អ្នកសេពគ្រឿងស្រវឹងមិនសូវហូបអាហារទេ ជាហេតុនាំឱ្យជាតិស្រាបង្កការរលាកពោះវៀនតូច ពោះវៀនធំ និងបង្កឱ្យងាយបាត់បង់សារជាតិចិញ្ចឹមសរីរាង្គ ។

៣. ប៉ះពាល់ទៅដល់បេះដូង៖ ស្រាធ្វើឱ្យចង្វាក់បេះដូងលោតខុសប្រក្រតី បើទទួលទានខ្លាំងមែនទែនទៅអាចធ្វើឱ្យគាំងបេះដូងស្លាប់ ឬលើសឈាម ឬក៏សាច់ដុំបេះដូងខ្សោយដោយសារការលោតញាប់នៃចង្វាក់បេះដូង ។

៤. ប៉ះពាល់ដល់ខួរក្បាល៖ សុរាធ្វើឱ្យការចងចាំមិនបានល្អដោយសារប៉ះពាល់ដល់តំបន់ចងចាំជាតិពុលនៃស្រាទៅបំពុលកោសិកាខួរក្បាលរហូតដល់ស្លាប់ ។ បើទទួលទានកាន់តែយូរនឹងបង្កបញ្ហាកាន់តែធ្ងន់ធ្ងរ អ្នកជំងឺចាប់ផ្ដើមនិយាយត្រដិត វង្វេងវង្វាន់ ភ្លេចភ្លាំង និងអាចវិវឌ្ឍទៅជាជំងឺវិកលចរិតទៀតផង ។

ជារួមការទទួលទានគ្រឿងស្រវឹងជោកជាំរាល់ថ្ងៃមិនត្រឹមតែប៉ះពាល់សុខភាពប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ ឃាតកម្ម ការចាប់រំលោភ និងខ្ជះខ្ជាយថវិកាទៀតផង៕