ជឿថាមានបងប្អូនជាច្រើនបានសាកល្បងក្នុងការធ្វើពងមាន់អាំងគ្រឿងនេះរចមកហើយ ប៉ុន្ដែភាគច្រើនគឺមិនទទួលបានជោគជ័យនោះទេ ដោយសារតែវាអាចពោងបែកសំបក ធ្វើឱ្យពិបាកហូបក៏មាន។ ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញលោកអ្នកពីរបៀបធ្វើពងមាន់អាំងផ្សំគ្រឿងនេះ។

១. គ្រឿងផ្សំ៖
ពងមាន់ ១០ គ្រាប់
ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
ស្ករស ១/២ ស្លាបព្រាបាយ
ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ
អំបិល ១/២ ស្លាបព្រាកាហ្វេ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ប្រេងខ្យង ១ ស្លាបព្រាបាយ

២. វិធីធ្វើ៖
ជំហានដំបូងត្រូវគោះពងមាន់ (បក់សំបកតែបន្តិច) ដាក់ក្នុងចានមួយ រួចវៃវាអោយម៉ត់ល្អ។ យកគ្រឿងផ្សំទាំងអស់លាយជាមួយពងមាន់ រួចវៃអោយចូលគ្នាសព្វល្អ។ បន្ទាប់មកយកពងមាន់ទៅចាក់ចូងក្នុងសំបកវិញ រួចយកពងមាន់ទៅអាំង ដោយប្រើកំដៅ ១៥០ អង្សា ប្រហែលជា ១០ ទៅ ១៥ នាទី ឬរហូតដល់ឆ្អឹនល្អ (យកឈើចាក់ បើមានស្អឹតជាប់ឈើមិនទាន់ឆ្អឹនទេ)។ ក្រោយអាំងឆ្អឹន ទទួលទានជាមួយអំបិលម្រេចក្រូចឆ្មារ និងស្លឹកជីជាការស្រេច៕