បរទេស៖ បើយោងតាមការសិក្សា ដែលចេញផ្សាយដោយក្រុមអ្នកស្រាវជ្រាវ មកពីទីក្រុង Harvard បានឲ្យដឹងថា វ៉ាក់សាំង Johnson & Johnson ជំរុញឲ្យមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំមួយចំនួន ប្រឆាំងនឹងជំងឺកូវីដ ១៩ បំប្លែងខ្លួនជាច្រើនប្រភេទ ។

លទ្ធផលនៃការសិក្សាដំណាក់កាលទី ៣ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Nature បានបង្ហាញពីភាពសកម្ម នៃការឆ្លើយតបប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួន ៤ ផ្សេងទៀត ក្នុងចំណោមអ្នកចាក់វ៉ាក់សាំង ២០ នាក់ ។

យោងតាមការស្រាវជ្រាវនេះបានឲ្យដឹងថា វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson នាំឲ្យសរីរាង្គអ្នកជំងឺបង្កើតអង់ទីគ័រ ក៏ដូចជាកងការពារកម្ចាត់វីរុស និងកោសិការបស់វា ។

ក្រុមអ្នកស្ម័គ្រចិត្តនៅប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានវីរុសបំប្លែងខ្លួន កំពុងវាយលុកយ៉ាងខ្លាំងក្លា ត្រូវបានគេរកឃើញថា ផលិតអង់ទីគ័រប្រឆាំងវីរុសតិចជាង ៥ ដង បើធៀបនឹងវីរុសដើមកូវីដ ១៩ ប៉ុន្តែពួកគេបង្កើតអង់ទីគ័រប្រភេទផ្សេងៗជាច្រើន ក៏ដូចជាការពារយ៉ាងល្អ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន ។

ការវិភាគនិយាយថា វ៉ាក់សាំងនេះការពារប្រឆាំងនឹងជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួន ៨៦ ភាគរយ នៃអ្នកទទួលការចាក់វ៉ាក់សាំងនៅសហរដ្ឋអាមេរិក, ៨៨ ភាគរយនៅប្រេស៊ីល និង ៨២ ភាគរយនៅអាហ្វ្រិកខាងត្បូង ។

អ្នកស្រាវជ្រាវដែលបានបង្កើតវ៉ាក់សាំង Johnson & Johnson ផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Janssen បានកត់សម្គាល់ពីការសិក្សានេះថា វាពិតជាការពារប្រជាជនទូទាំងពិភពលោក ប្រឆាំងនឹងជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ក៏ដូចជា វីរុសបំប្លែងខ្លួន ។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Dan Barouch ជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវភាគល្អិត និងវ៉ាក់សាំងនៅទីក្រុង Boston បាននិយាយថា “នេះគឺជាដំណឹងល្អ ទាក់ទងនឹងប្រសិទ្ធភាពកម្ចាត់វីរុសបំប្លែងខ្លួន ហើយវាបង្កើនសុទិដ្ឋិនិយមរបស់យើងថា វ៉ាក់សាំងបច្ចុប្បន្ន ជាពិសេសវ៉ាក់សាំង Johnson & Johnson មានការការពារយ៉ាងល្អ បើប្រៀបធៀបវ៉ាក់សាំងដែលមានសព្វថ្ងៃនេះ ហើយការរកឃើញនេះ គឺជាហេតុផលដ៏ល្អ ដែលមនុស្សគ្រប់រូបគួរតែចាក់វ៉ាក់សាំង ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ៕