ខេត្តកោះកុង ៖ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនាថា ម៉ោង៧និង៣០នាទី មានបុរសឈ្មោះ ចាន់ លី បានស្លាប់ នៅលើរថយន្តមុនពេលមកដល់មន្ទីរពេទ្យ។ បុរសរងគ្រោះរូបនេះ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ រយៈពេល៤ថ្ងៃមកហើយ ដោយបានមកសម្រាកលេងជាមួយកូនរបស់គាត់ដែលជាអ្នកចាំចម្ការឱ្យគេ នៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា អំឡុងពេល៤ថ្ងៃនេះ បុរសដែលស្លាប់មានអាការៈដកដង្ហើមដង្ហក់ខ្លាំង ទើបក្រុមគ្រួសារដឹកមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារមើលនូវស្ថានភាពរបស់អ្នកជំងឺធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យក៏ផ្តើមស្រាវជ្រាវជាបន្ទាន់មួយមិនអនុញ្ញាតឱ្យយកអ្នកជំងឺចេញពីរថយន្តភ្លាមៗទេ ដោយក្រុមគ្រូពេទ្យបានរៀបចំវេចខ្ចប់តាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ។ ចំណែកសាច់ញាតិចំនួន៦នាក់ផ្សេងៗទៀតដែលរួមដំណើរជាមួយសាកសព ក៏ត្រូវបានយកសំណាកធ្វើតេស្តរហ័សគឺរកឃើញចំនួន២មានវិជ្ជមានកូវីដ។

សពបុរសឈ្មោះ ចាន់ លី យកទៅបូជានៅវត្តព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ចំពោះសាច់ញាតិដែលរកមិនឃើញវិជ្ជមានកូវីដ ចំនួន៥នាក់ តម្រូវឱ្យធ្វើចត្តាឡីស័ក នៅចម្ការរបស់ពួកគេនៅតំបន់វង់កាថៈ៕