ភ្នំពេញ៖ បន្ទាប់ពីមានសេចក្ដីប្រកាសជាផ្លូវការ កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជាដែលបានសំរេចផ្ដល់សិទ្ធជាផ្លូវការអនុញ្ញាតិ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក្លាយជាមន្ទីរពេទ្យដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដ១៩ដោយស្របច្បាប់។ ក្រោយពីមានសេចក្តីសម្រេចភ្លាម ក៍មានមតិមហាជនជាច្រើនលើឡើងផ្សេងៗគ្នាពីមូលហេតុនៃការផ្តល់សិទ្ធិនេះផងដែរ ។

ទាក់ទងជាមួយគ្នានេះដែរ ខេ ប៊ី អិន ក៏បានធ្វើការណាត់ជួបសម្ភាសន៍ជាមួយអ្នកតំណាងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីស្រាយចម្ងល់របស់ទស្សនិកជនថាតើ ហេតុអ្វីបានជា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលកម្ពុជាផ្ដល់សិទ្ធជាផ្លូវការ ដើម្បីក្លាយជាមន្ទីរពេទ្យដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដ១៩?

មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ គឺជាមន្ទីរពេទ្យឯកជនស្តង់ដាអន្តរជាតិ ដែលធំ ក៏ដូចជាមានសេវាកម្មព្យាបាល ថែទាំអ្នកជំងឺលំដាប់ថ្នាក់លេខ ០១ និងតែមួយគត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ បើក្រលេកមកមើលពីប្រវត្តនៃមន្ទីរពេទ្យ ប្រព័ន្ធសុវត្ថិភាព ការថែររក្សា ការពាររបស់មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ លោកអ្នកប្រាកដជាស្ញើចសសើរ និងមិនសង្ស័យឡើយពីមូលហេតុដែលទទួលបានសិទ្ធិស្របច្បាប់ទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា។ ដោយស្ថិតក្នុងស្ថានភាពដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកំចាត់វីរុសដ៏សាហាវមួយនេះផងដែរ ។

តាមរយៈលោក យុន សុខខុម ប្រធានផ្នែកពាណិជ្ជកម្ម នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ បានឲ្យដឹងថា មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលកម្ពុជា ឲ្យទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដូច្នេះខាងមន្ទីរពេទ្យត្រូវតែអនុវត្តទៅតាមស្តង់ដា ដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្តបំផុតជូនដល់អ្នកជំងឺ ។

លោកបន្តថា៖ មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មានតម្លៃព្យាបាលជំងឺកូវិត១៩ នេះ ប្រហែល ពី ៨០០ ដុល្លារ ទៅ ២,០០០ ដុល្លារក្នុងមួយថ្ងៃ វាអាស្រ័យទៅលើប្រភេទជំងឺ វាធ្ងន់ ឬស្រាលមានរោគប្រចាំខ្លួនផ្សេងៗទៀតដែរឬទេ ហើយសម្រាប់តម្លៃសេវាព្យាបាល គឺត្រូវតែប្រាកដថា នឹងធ្វើឲ្យអ្នកជំងឺទទួលបានអារម្មណ៍កក់ក្ដៅ និងពោពេញទៅដោយក្ដីសង្ឃឹមយ៉ាងមុតមាំ ។

លោកបានបន្ថែមទៀតថា៖ សម្រាប់អ្នកជំងឺកូវីដ១៩ ដែលបានមកព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ត្រូវបានដាក់ឲ្យសម្រាកនៅក្នុងបន្ទប់ពិសេសមួយដាច់ដោយឡែក មានអ្នកមើលថែ ២៤ម៉ោង និងមានទាំងអ្នកជំនាញផ្នែកចិត្តសាស្ត្រពីទីក្រុងបាងកកផ្ទាល់ ដើម្បីពិភាក្សា លើកទឹកចិត្តជារៀងរាល់ថ្ងៃផងដែរ ។ ចំពោះគិលានុបដ្ឋាកយិការ និងវេជ្ជបណ្ឌិត ដែលត្រូវព្យាបាលអ្នកជំងឺកូវីដ១៩ សុទ្ធតែត្រូវបានដាក់ខ្លួនដាច់ដោយឡែក និងធ្វើតេស្ត ជាប្រចាំ។

លោក យ៉ុន សុខខុម ដដែលបានឲ្យដឹងទៀតថា សូម្បីតែបន្ទប់អ្នកជំងឺកូវីដ១៩ ក៏ត្រូវតែដាច់ដោយឡែកពីបន្ទប់អ្នកជំងឺទូទៅដែរ ដោយបច្ចុប្បន្ននេះ មន្ទីរពេទ្យមានចំនួន ១៥បន្ទប់ដែលជាបន្ទប់រៀបចំឡើងសម្រាប់អ្នកជំងឺឆ្លង (Negative pressure room) ហើយការប្រើជណ្ដើរយន្តទៀតសោតក៏ដាច់ដោយឡែក សម្រាប់តែអ្នកជំងឺកូវីដ១៩ ប៉ុណ្ណោះ ។

ចំពោះអ្នកជំងឺកូវិត១៩ដែលមានស្ថានភាពធ្ងន់ធ្ងរ ព្រមទាំងមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសួត ជាដើម អាចសម្រាកព្យាបាលរយៈពេលយូរ ហើយចាំបាច់ត្រូវតែមានវេជ្ជបណ្ឌិតឯកទេសជំងឺនីមួយៗទៅតាមជំងឺប្រចាំកាយរបស់អ្នកជំងឺ នៅប្រចាំទៀតផង ។

ជាចុងក្រោយលោក យ៉ុន សុខខុម បានបញ្ជាក់ថា ចំណុចពិសេសៗខាងលើនេះហើយ ជាហេតុផលដែលខាងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ត្រូវចំណាយថ្លៃដើមច្រើន ហើយក៏ជាមូលហេតុ ដែលនាំឲ្យសេវាកម្មព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ មានតម្លៃថ្លៃផងដែរ ។ ប៉ុន្តែសម្រាប់តម្លៃនេះនៅតែសមរម្យជាងនៅប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី និងថៃ ជាដើម ៕