ខេត្តកំពង់ចាម ៖ អាជ្ញាធរស្រុកស្រីសន្ធរ បានចុះបិទខ្ទប់បណ្ដោះអាសន្នផ្ទះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ ក្នុងឃុំចំនួន៥ឃុំ រួមនិងបិទខ្ទប់ផ្សារព្រែករំដេង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ហើយបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដើម្បីពិនិត្យសុខភាព ។

អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ លោក ស៊ីម គង់ បានឲ្យដឹងថា ក្រុមការងារស្រុកស្រីសន្ធរ បានចុះធ្វើការគ្រប់គ្រងនិងបិទខ្ជប់ជាបណ្តោះអាសន្ននូវផ្ទះប្រជាពលរដ្ឋ ដែលឆ្លងជំងឺកូវីដ ១៩ និងប្រជាពលរដ្ឋដែលអាជ្ញាធរស្រុក ឃុំ តម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ស្ថិតនៅឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែករំដេង ឃុំព្រែកពោធិ៍ ឃុំប្រាំយ៉ាម និងឃុំស្វាយពោធិ៍ និងបិទខ្ទប់ផ្សារព្រែករំដេង ឃុំព្រែករំដេង រហូតដល់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

លោកអភិបាលស្រុកបានឲ្យដឹងទៀតថា នៅថ្ងៃដដែលនេះ លោកបានអនុញ្ញាតឱ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រីសន្ធរ បន្តស្រាវជ្រាវ រកមុខសញ្ញាដែលពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ក្នុងនោះរកឃើញប្រជាពលរដ្ឋ មានទាក់ទងនិងអ្នកវិជ្ជមានកូវីដ19 ឈ្មោះ ប៊ូ ទ្បុងហ៊ួរ ចំនួន ៦៨នាក់ និងរកឃើញ១៤នាក់ មានវិជ្ជមានកូវីដ ១៩ និងប្រជាពលរដ្ឋភូមិទូរ៉ី ០៤នាក់ រកឃើញ ១នាក់មានវិជ្ជមានកូវីដ១៩ សរុបអាជ្ញាធរស្រុកបានរកឃើញមនុស្ស ១៥នាក់ មានវិជ្ជមានកូវីដ១៩ ។

បច្ចុប្បន្នទាំង ១៥នាក់ ខាងអាជ្ញាធរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរខេត្តកំពង់ចាម ចំណែកអ្នកពាក់ព័ន្ធមួយចំនួន តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះដោយអាជ្ញាធរ បិទខ្ទប់ផ្ទះ ៕