រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ នៃមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ បានចុះបង្ក្រាបករណីគ្រឿងញៀននៅខុនដូមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់បញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំគ្រឿងញៀន បានឲ្យដឹងថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូមួយកន្លែង ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងកាំភ្លើងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ភ្លាមនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយមក​ កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការនគរបាលខណ្ឌជ្រោយចង្វា ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូជាន់ទី១៣នោះផងដែរ។

ចុងក្រោយ​ កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​