យើងដឹងហើយថា បារី ឬថ្នាំជក់ បង្កផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពយើង តែទោះយ៉ាងណាវាមិនទាន់ហួសពេលទេ បើយើងចាប់ផ្តើមផ្តាច់បារីនៅពេលនេះ។ យើងទទួលបានអត្ថប្រយោជន៍សុខភាពភ្លាមៗ និងរយៈយូរអង្វែងនៅពេលសម្រេចចិត្តឈប់ជក់បារី នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។

១. ២០នាទី៖ ត្រឹមតែ២០នាទី បន្ទាប់ពីយើងឈប់ជក់បារី ប្រយោជន៍ដែលទទួលបានដំបូងគេ គឺចង្វាក់បេះដូងដែលធ្លាប់តែឡើងខ្ពស់ បានធ្លាក់ចុះមកវិញ។

២. ១២ម៉ោង៖ កម្រិតកាបូនម៉ូណូអុកស៊ីដនៅក្នុងឈាមធ្លាក់មកធម្មតាវិញ បន្ទាប់ពីយើងឈប់ជក់បារី១២ម៉ោង។
៣. ២សប្តាហ៍-៣ខែ៖ រយៈពេល ២សប្តាហ៍-៣ខែ បន្ទាប់ពីឈប់ជក់បារី ហានិភ័យនៃអាការៈគាំងបេះដូងចាប់ផ្តើមកាត់បន្ថយ ឯតួនាទីរបស់សួតក៏ចាប់ផ្តើមកែប្រែឡើងវិញដែរ។

៤. ១-៩ ខែ៖ យើងដឹងហើយថា អ្នកជក់បារីមានអាការៈក្អក និងដកដង្ហើមខ្លីៗ តែបន្ទាប់ពីឈប់ជក់បារីក្នុងរយៈពេល ១-៩ខែ អាការៈទាំង២នេះនឹងកាត់បន្ថយជាបណ្តើរៗ ។

៥. ១ឆ្នាំ៖ ក្នុងរយៈពេល១ឆ្នាំ នៃការឈប់ជក់បារី ធ្វើឲ្យហានិភ័យបន្ថែមនៃជំងឺសរសៃឈាមបេះដូង កាត់បន្ថយមកនៅត្រឹមពាក់កណ្តាលនៃអ្នកជក់បារី។

៦. ៥ឆ្នាំ៖ រយៈពេលនេះហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល បានកាត់បន្ថយពី ៥-១៥ឆ្នាំ បន្ទាប់ពីយើងឈប់បារីបាន៥ឆ្នាំ។

៧. ១០ឆ្នាំ៖ នៅពេលយើងឈប់ជក់បារីរហូតដល់ ១០ឆ្នាំ មានន័យថា អត្រានៃការស្លាប់ដោយមហារីកសួតមានត្រឹមពាក់កណ្តាល នៃអ្នកជក់បារីប៉ុណ្ណោះ។ ចំណែកឯការប្រឈមនឹងជំងឺមហារីកផ្សេងទៀត មាន មហារីកមាត់ បំពង់ក បំពង់អាហារ ប្លោកនោម តម្រងនោម ត្រូវកាត់បន្ថយដែរ។

៨. ១៥ឆ្នាំ៖ រយៈពេល ១៥ឆ្នាំ បន្ទាប់ពីយើងឈប់ជក់បារី មានន័យថា ហានិភ័យនៃជំងឺបេះដូងត្រលប់មកធម្មតាវិញ ដូចនឹងអ្នកមិនជក់បារីដែរ។

ដូច្នេះអ្នកដែលជក់បារីទាំងឡាយបើបានអានអត្ថបទនេះហើយ គួរតែព្យាយាមបញ្ឈប់ការជក់បារីចាប់ពីពេលនេះទៅ ដើម្បីទទួលបានបេះដូងដែលមានសុខភាពល្អឡើងវិញ៕