ចំពោះបញ្ហាបបូរមាត់ស្ងួតមួយវាកើតឡើងសឹងតែគ្រប់រដូវកាល នេះមិនមែនគ្រាន់តែជាបញ្ហាដែលបណ្តាលមកពីធាតុអាកាសនោះទេ វាក៏អាចបណ្តាលមកពីបញ្ហាមួយចំនួនទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។ មូលហេតុចម្បងបួនយ៉ាងដែលធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែស្ងួតនោះគឺ៖

១. ការទម្លាប់លិតបបូរមាត់ ពីព្រោះទឹកមាត់មានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលធ្វើឲ្យបបូរមាត់កាន់តែស្ងួត។
២. ការទទួលទានជាតិទឹកមិនគ្រប់គ្រាន់។
៣. ការប្រើផលិតផលខុស ឬបណ្តាលមកពីថ្នាំព្យាលជំងឺរបស់អ្នក។
៤. ការប្រើប្រភេទក្រែមបបូរមាត់ (Lips Balm) ជាប្រចាំ វាអាចជួយបានតែពីរបីនាទីប៉ុណ្ណោះ តែបើកាន់តែលាបវាកាន់តែធ្វើឲ្យបបូរមាត់កាន់តែស្ងួតលើសដើម។

ការប៉ះពាល់នឹងកម្តៅថ្ងៃក៏អាចបណ្តាលឲ្យបបូរមាត់ស្ងួតបែកស្រកា ជាពិសេសនៅពេលអ្នកមានអាយុកាន់តែចាស់។ ភាគច្រើននៃក្រែមបបូរមាត់ (Lips Balm) គឺមានផ្ទុកសារធាតុ ប្រេង អាកុល និងសារធាតុគីមីមួយចំនួយដើម្បីផលិតចេញជាពណ៌នឹងក្លិន។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្ន និងត្រូវពិនិត្យមើលឲ្យបានដិតដល់មុនពេលទិញប្រើ៕