រាជធានីភ្នំពេញ៖ អាជ្ញាធរ​​​ខណ្ឌ​ទាំង​៧ ដែល​នៅ​ជាប់​ទន្លេ​​​​បាន​​​​​ចាប់​ផ្ដើម​​​​​ចុះ​ណែនាំ​អ្នក​រស់​នៅ​​តាម​បែ​ចិញ្ចឹម​ត្រី​​ ​​ផ្ទះ​បណ្ដែតទឹក និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​​​​ទឹក​ឱ្យ​ស្ម័គ្រចិត្ត​​រុះរើ​ចេញ​​មុន​​ថ្ងៃ​កំណត់​នៃ​ឱសានវាទ​របស់​អាជ្ញាធរ​​រាជធានី​ភ្នំពេញ​។ ក្នុង​​ករណី​មិន​ព្រម​រើ​ចេញ​ទេ​ អាជ្ញាធរ​​នឹង​ប្រើ​​កម្លាំង​សមត្ថកិច្ច​មក​រុះរើ​ និង​​អនុវត្ត​វិធានការ​ផ្លូវច្បាប់​​។​

អ្នករត់​​រ៉ឺម៉កម៉ូតូ​​ម្នាក់​​ នៅ​ម្ដុំ​​ខណ្ឌ​ឫស្សីកែវលោក ញៀវ ចាន់ និយាយ​ថា​ លោក​​ឃើញ​​ផ្ទះ​បណ្ដែត​ទឹក​នៅ​តែ​ច្រើន​ពេញ​ទន្លេ​សាប​ដដែល និង​មិន​បាន​ឃើញ​​មាន​ការ​រុះរើ​​គួរ​​ឲ្យ​កត់​សម្គាល់​​ណា​មួយទេ គិតត្រឹម​ថ្ងៃ​ទី​០៩ ​ខែមិថុនា ម្សិលមិញ៖ «ឃើញអត់ទាន់រុះរើទេមើល​ទៅ»។

​ទោះ​យ៉ាង​ណា​ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ថា ​អាជ្ញាធរ​ខណ្ឌ​ជាប់​ទន្លេ​​​​ទាំង​អស់ក្នុងភូមិរាជធានាភ្នំពេញ ​បាន​​ចុះ​ផ្សព្វផ្សាយ​អប់រំ​​អ្នក​រស់នៅ​ និង​ប្រកប​របរ​លើ​ផ្ទៃ​ទឹកទន្លេ​​ឲ្យ​រើ​ចេញ​​ខ្លួន​ឯង​ឲ្យ​បាន​លឿន​បំផុត។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ករណី​មិន​មាន​ការ​រុះរើ​ចេញនោះ​ទេ​​ នៅ​​​ថ្ងៃ​ទី​១២ ខែ​​មិថុនា​ខាង​មុខ​​ ​​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ នឹង​ចុះ​អនុវត្ត​ចាត់វិធានការ​រុះរើ​ ផ្ទះ​បណ្ដែត​ទឹក​ ​បែ​ចិញ្ចឹម​ត្រី​ និង​សំណង់​មិន​រៀបរយ​ទាំងនោះ​ហើយ​។​

ទោះជា​យ៉ាង​ណា​ លោក ជា ពិសី ប្រាប់​សារព័ត៌មាន​កម្ពុជា​ថ្មី​ថា​ មាន​​អ្នក​ស្នាក់​នៅ​លើ​ផ្ទៃ​ទឹក​ខ្លះ​ ស្ម័គ្រចិត្ត​រុះរើ​ចេញ​ហើយ តែ​ក៏​មាន​អ្នក​ស្នើសុំ​ពន្យារ​ពេល​ប្រមូល​ផល​ត្រី​រួច​រាល់​​សិន។

ជុំវិញ​​ករណី​​​នេះ ទាំង​ស្ថានទូត​វៀតណាម​ សមាគម​​វៀតណាម​​​នៅ​​កម្ពុជា និង​​សមាគម​​ខ្មែរ​​ឥស្លាមបាន​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពន្យារ​ពេល​​ដែរ តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ទេ​​ ៕