ឪពុកម្ដាយគ្រប់រូបតែងតែមានការព្រួយបារម្ភណាស់នៅពេលដែលកូនតូចមានសភាពខុសប្រក្រតីម្ដងៗ។ ដូចបានដឹងស្រាប់មកហើយថាក្មេងតូចៗភាគច្រើនតែងតែឧស្សាហ៍ក្ដៅខ្លួន ហើយកត្តាទាំងនេះគឺអាចបណ្ដាលមកពីការឃ្លុំកូនហួសហេតុពេក កូនអត់សូវញ៉ាំទឹក ឬនៅក្រោមកម្តៅថ្ងៃយូរ កូនទើបចាក់វ៉ាក់សាំងហើយ កូនដុះធ្មេញ មូលហេតុទាំងនេះបណ្តាលឲ្យក្មេងឡើងកម្តៅក្នុងខ្លួនខ្ពស់ ឬទៅជាក្តៅខ្លួន។លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បានពន្យល់ថា អាការៈទាំងខ្លួនទាំងប៉ុន្មាននេះ មិនមែនជារោគសញ្ញា នៃជំងឺអ្វីមួយនោះទេ បច្ចេកទេសពេទ្យ គេហៅថា ក្តៅខ្លួនដោយសារមិនបង្ករោគ។

ចំណែកឯក្តៅខ្លួនដោយសារបង្ករោគវិញ វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានលើកឡើងថា អាចមកពីពពួកវីរុស បាក់តេរី អាមីម ប៉ារ៉ាស៊ីត។ ក្តៅខ្លួនដោយសារការបង្ករោគនេះ ក្មេងអាចរលាកនៅកន្លែងណាមួយនៃរាងកាយ បើសិនជារលាកផ្លូវដង្ហើម ក្មេងអាចរលាកច្រមុះ បំពង់ក សួត ទងសួត ត្រចៀក ឯបញ្ហាផ្លូវតម្រងនោម ក្មេងអាចរលាកប្លោកនោម បញ្ហាពោះវៀន អាចរលាកពោះវៀន បញ្ហាស្បែក អាចរលាកស្បែក ជាដើម៕