ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូរ៉ូណា សាលា និង សាកលវិទ្យាល័យជាច្រើនត្រូវបានផ្អាកដំណើរការដោយផ្លាស់ប្តូរជាការសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ។ ក្នុងចំណោមប្រទេសអស់ទាំងនោះ ប្រទេសកម្ពុជាក៏បានផ្អាកការសិក្សានៅក្នុងថ្នាក់រៀនផ្ទាល់ដោយប្តូរទៅជាការសិក្សាតាមប្រព័ន្ធអនឡាញវិញដែរ។ ស្របគ្នានេះដែរ ខណៈមានសិស្សមួយចំនួនមិនមានលទ្ធភាពប្រើប្រាស់អ៊ីនធើណែតជាហេតុឲ្យពួកគេពុំអាចចូលរួមបានសកម្មឡើយ សម្រាប់សិស្សដែលរស់នៅទីប្រជុំជនពុំសូវមានការលំបាកដូចសិស្សរស់នៅតាមជនបទឡើយ។ យ៉ាងណាមិញថ្ងៃនេះ អ្នកនឹងបានដឹងពីគុណសម្បត្តិនៃការរៀនតាមអនឡាញ ៤ ចំណុចរួមមាន៖

១. ចំណេញពេលធ្វើការ
ប្រសិនបើអ្នកជ្រើសរើសរៀនតាមអនឡាញ អ្នកនឹងចំណេញពេលវេលាធ្វើការក៏ដូចជារៀនសូត្រ។ សាកប្រៀបធៀបមើលទៅថា ជាធម្មតាអ្នកតែងចំណាយពេលធ្វើដំណើរទៅសាលា ឬធ្វើការ ប៉ុន្តែចាប់តាំងពីផ្លាស់ប្តូរការសិក្សាតាមអ៊ីនធើណែតមក អ្នកនឹងចំណេញពេលវេលាអស់ទាំងនេះយ៉ាងស្រួល។

២. ចំណេញទីកន្លែងសិក្សា
ចំពោះការសិក្សាតាមប្រព័ន្ធអនឡាញ វាមិនតម្រូវឲ្យអ្នកនៅថ្នាក់រៀនមួយកន្លែងដូចមុនទេ។ អ្នកអាចរៀននៅទីណាក៏បានដែរ ឲ្យតែកន្លែងមួយនោះមានល្បឿនអ៊ីនធើណែតដើរលឿនល្មមសម្រាប់ការប្រាស្រ័យទាក់ទងគ្នាទៅបានហើយ។

៣. កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូរ៉ូណា
ជាការពិតណាស់ ការសិក្សាតាមប្រព័ន្ធអ៊ីនធើណែតពិតជារឿងដ៏ល្អសម្រាប់សិស្សនិងសាស្ត្រាចារ្យគ្រប់រូប។ ការសិក្សាបែបនេះធ្វើឲ្យមានគម្លាតសង្គមដែលភាសាអង់គ្លេសហៅថា social distance បានមួយកម្រិត។ ដូច្នេះ រវាងគ្រូនិងសិស្សនៅតែអាចដំណើរការសិក្សាបានធម្មតាដោយពុំមានការព្រួយបារម្ភអ្វីឡើយ។

៤. ពង្រីកចំណេះដឹងថ្មីៗ
ខណៈពេលរៀនតាមអនឡាញ អ្នកមិនបានជួបមុខលោកគ្រូ អ្នកគ្រូ និងមិត្តរួមថ្នាក់ផ្ទាល់នោះទេ ហេតុនេះហើយ អ្នកអាចនឹងមានឱកាសឆ្ងល់សួរបានច្រើន។ ប្រសិនបើអ្នកមិនយល់ត្រង់ចំណុចណាមួយនៃមេរៀន អ្នកអាចសុំសាស្ត្រាចារ្យរបស់អ្នកឲ្យជួយពន្យល់បន្ថែមបាន៕