រាជធានី​បាងកក៖ ក្រោយពេលមានការរអាក់រអួល ពីរឿង​ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ នាយករដ្ឋមន្រ្ដីថៃ បានចេញមុខ​មកសុំ​អភ័យទោស ពីប្រជាពលរដ្ឋរបស់ខ្លួន ហើយសន្យាថា ស្ថានការណ៍នេះ នឹងវិលទៅរកភាពល្អប្រសើរឡើងវិញ។​

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ នៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ ថា លោក ប្រាយុទ្ធ ចាន់អូចា​ នាយករដ្ឋមន្រ្ដីថៃ កាលពីថ្ងៃអង្គារ បានទទួលស្គាល់ថា មានការរអាក់រអួល ឬពន្យារពេលខ្លះ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទ្រង់ទ្រាយធំរបស់រដ្ឋាភិបាល ដែលបានចាប់ផ្ដើម កាលពីថ្ងៃចន្ទ (ទី៧ ខែមិថុនា ឆ្នាំ២០២១) ។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី​ បានសន្យាថា ករណីនេះនឹងល្អប្រសើរឡើងវិញ ដោយសារការផ្គត់ផ្គង់វ៉ាក់សាំង នឹងទទួលបានច្រើន មកពីប្រភពផ្សេងៗ ដែលបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ។​

លោកនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្ដី នៅក្នុងវិមានរបស់រដ្ឋាភិបាលថា «ខ្ញុំត្រូវតែសុំទោសអ្នកដែលមានការរអាក់រអួល ចំពោះបញ្ហាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ»។​

លោកនាយករដ្ឋមន្រ្ដី បានបន្ដថា ​«ការចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ នៅមានកម្រិត ពីព្រោះរដ្ឋាភិបាលកំពុងទទួលការផ្គត់ផ្គង់ជាបណ្តើរៗ មិនមែនទាំងអស់ ក្នុងពេលតែមួយនោះទេ។ ទោះជាយ៉ាងណា រដ្ឋាភិបាល​នឹងព្យាយាម ទទួលវ៉ាក់សាំងបន្ថែមទៀត តាមតែអាចធ្វើទៅបាន ព្រោះយើងមិនចង់ឲ្យមានអ្នកចុះឈ្មោះចាក់វ៉ាក់សាំងហើយ ត្រូវរងការខកខាត ពីការពន្យារពេលនោះទេ។ ​ការចែកចាយវ៉ាក់សាំងសំដៅទៅលើអ្នកឆ្លង អ្នកធ្វើការនៅកន្លែងគ្រោះថ្នាក់ រួមទាំង អ្នកទេសចរ និងតំបន់សេដកិច្ចដ៏សំខាន់ៗផងដែរ​។​ រដ្ឋាភិបាលមានគោលបំណងផ្ដល់វ៉ាក់សាំងយ៉ាងតិច ១០០លានដូស ជូនដល់ប្រជាពលរដ្ឋថៃ។

រដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​​ AstraZeneca ​ផលិតដោយក្រុមហ៊ុន ​Siam Bioscience (ផលិតក្នុងប្រទេស) ចំនួន៦១លានដូស និងទិញវ៉ាក់សាំង Sinovac របស់ចិន ចំនួន ៦លានដូស។​ ក្រៅពីនេះ រដ្ឋាភិបាលក៏បានបញ្ជាទិញវ៉ាក់សាំង Sinovac ចំនួន៨លានដូស និង វ៉ាក់សាំងចំនួន២៥លានដូស ពីក្រុមហ៊ុន Pfizer-BioNTech និង​ Johnson & Johnson របស់អាមេរិក បន្ថែមទៀត ហើយសង្ឃឹមថា​ នឹងត្រូវចរចា សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងពីប្រភពផ្សេងៗទៀត។

ថៃបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទ ទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយបានចាក់ទៅលើពលរដ្ឋថៃ ជាង ៤០០ ០០០ដូស នៅ​ថ្ងៃនោះ។​ គិតត្រឹមវេលាខាងលើនេះ ចំនួនអ្នកបានចាក់វ៉ាក់សាំង នៅក្នុងប្រទេសជាង៤លាននាក់៕​