រាជធានីបាងកក៖ រលកទី៣ នៃជំងឺកូវីដ-១៩​​​បានវាយប្រហារទៅលើពន្ធនាគារ នៅក្នុងប្រទេសថៃ បណ្ដាលឲ្យមានអ្នកឆ្លងជិត៣០ ០០០នាក់ ហើយអ្នកជំងឺ ដែលនៅក្នុងពន្ធនាគារចំនួន ១៣ ៣៩២នាក់ កំពុងព្យាបាល នៅក្នុងមណ្ឌលកែប្រែ។

សារព័ត៌មានថៃ (The Thaiger) បានផ្សាយ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ថា បើតាមនាយកដ្ឋានកែប្រែ នៃប្រទេសថៃ ​បានឲ្យដឹងថា មានករណីឆ្លងថ្មីទៅលើអ្នកនៅក្នុងពន្ធនាគារ ចំនួន៥៣៤នាក់ និងករណីស្លាប់ថ្មី នៅក្នុងពន្ធនាគារ ចំនួន៣នាក់។​

នាយកដ្ឋានកែប្រែ បានបញ្ជាក់ថា រលកចុងក្រោយ នៃជំងឺកូវីដ-១៩​ នៅក្នុងប្រទេសថៃ  មានចំនួន ២៩ ៧៣៤ករណី ត្រូវរកឃើញឆ្លង នៅក្នុងពន្ធនាគារ។ ​ក្នុងចំណោមអ្នកឆ្លង នៅក្នុងពន្ធនាគារទាំងនោះ មានអ្នកជាសះស្បើយ ចំនួន១៦ ៣២១នាក់ និងអ្នកជំងឺ ចំនួន១៣ ៣៩២នាក់កំពុងសម្រាកព្យាបាល ហើយ​អ្នកជំងឺចំនួន២១នាក់ផ្សេងទៀតបានស្លាប់។

លោក Kobchai Boon-orana អភិបាលខេត្ត Petchaburi បានប្រកាស នៅក្នុងសន្និសីទមួយថា មជ្ឈមណ្ឌលពន្ធនាគារ Nokhon Ratchasima ស្ថិតក្នុងតំបន់ Isaan មានពន្ធនាគារចំនួន៦ មិនមានការឆ្លងកូវីដ-១៩។ ជាមួយគ្នានេះ នាយកដ្ឋានកែប្រែ ក៏បានឲ្យដឹងដែរថា ពន្ធនាគារ ចំនួន១២៦ នៅក្នុងប្រទេសថៃ ​មិនមានករណីឆ្លងកូវីដ-១៩នោះទេ។​

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ រាល់ការមកសួរសុខទុក្ខ ត្រូវតែផ្អាក ហើយបុគ្គលិកពន្ធនាគារទាំងអស់ នៅក្នុងខេត្ត ត្រូវតែធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩​រៀងរាល់១៤ថ្ងៃ បើទោះ​ជាមន្ត្រីភាគច្រើន ត្រូវបានចាក់វ៉ាក់សាំងហើយក្ដី​។ ដោយឡែកអ្នកទោសថ្មី និងអ្នកទោស ដែលត្រូវបានបញ្ជូន ចេញពីពន្ធនាគារ​ទៅឡើងសវនាការ ឬការព្យាបាល ចាំបាច់ត្រូវតែធ្វើចត្ដាឡីស័ក រយៈពេល១៤ថ្ងៃ មុននឹងបញ្ជូនត្រឡប់កាន់ពន្ធនាគារ​ ដោយដាក់ឲ្យនៅជាមួយអ្នកទោសធម្មតាវិញ។​

នាយកដ្ឋានកែប្រែ ប្រទេសថៃ បានប្រកាស កាលពីខែមុន ថា មានអ្នកទោស ជាង​ ២ ០០០នាក់ នៅក្នុងពន្ធនាគារ Bangkok Remand និងមន្ទីរកែប្រែ នៃមជ្ឈមណ្ឌលស្ដ្រី ត្រូវបានធ្វើតេស្ដរកឃើញឆ្លងកូវីដ-១៩។ ការប្រកាសនេះ​បានធ្វើឡើង ក្រោយមានព័ត៌មានថា ​មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានធ្វើតេស្ដរកឃើញឆ្លងវីរុស ក្រោយពេលនាងត្រូវបានដោះលែងចេញពីពន្ធនាគារផ្នែកស្រ្ដី ​ជាកន្លែងដែលនាងត្រូវបានឃុំខ្លួន ​ដោយរង់ចាំការកាត់ទោស ក្រោមការចោទប្រកាន់ ពីបទ «ប្រមាថព្រះមហាក្សត្រ»។​

គិតត្រឹមព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ១៨៥ ២២៨នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ១៣១ ៩៩៩នាក់ និងស្លាប់ ១ ៣៣២នាក់​៕