តម្រូវការចាយវាយគឺជារឿងចាំបាច់សម្រាប់ការរស់នៅរបស់មនុស្សយើង តែពេលខ្លះបើអ្នកចេះពីវិធីសន្សំលុយនោះអ្នកក៏អាចសល់លុយបានច្រើនដែរ។ បើសិនជាអ្នកចូលចិត្តដើរលេងច្រើន អ្នកអាចសន្សំលុយតាមវិធីខាងក្រោមនេះបាន៖

១. ចំណាយឲ្យតិចជាងចំណូល
អ្នកត្រូវធ្វើយ៉ាងណាចាយលុយឲ្យបានតិចជាងលុយអ្នកដែលរកបាន។ បើ ១ ខែ អ្នកអាចរកបាន ៣០០ដុល្លា អ្នកត្រូវចាយត្រឹម ២០០ ដុល្លាអីបានហើយកុំឲ្យអស់ពីខ្លួនពេក ឬក៏ជំពាក់គេទៀត។

២. ទម្លាប់សន្សំលុយជារៀងរាល់ថ្ងៃ
មួយថ្ងៃអ្នកអាចដកលុយតិចតួចដាក់សន្សំផ្សេងពីលុយដែលអ្នកត្រូវចំណាយ ហើយបើមិនចាំបាច់ខ្លាំងទេអ្នកកុំដកលុយសន្សំនោះចាយបន្តអី។ ទម្លាប់នេះអាចឲ្យអ្នកសល់លុយខ្លះទោះបីជាអ្នកមានទម្លាប់ចាយធំក៏ដោយ។

៣. ចាំមានលុយចាំទិញ
គួរតែរំលឹកខ្លួនឯងថាចាំសល់លុយច្រើនចាំទិញរបស់ដែលអ្នកចង់បាន ព្រោះលុយពេលនេះសម្រាប់ទិញរបស់ដែលចាំបាច់ត្រូវប្រើសិន ដូចជាអាហារ របស់ប្រើប្រាស់ប្រចាំថ្ងៃជាដើម។ ចំណែករបស់បន្ទាប់បន្សំអ្នកអាចទិញពេលដែលអ្នកមានលុយច្រើនបាន។

៤. ដាស់តឿនខ្លួនឯងថា លុយស្រួលចាយតែមិនស្រួលរកទេ
បើកប្រាក់ខែមកមានលុយពេញដៃគឺស្រួលចាយណាស់ តែកុំភ្លេចថាអ្នកត្រូវចំណាយពេលចំណាយកម្លាំង ១ ខែដើម្បីបានលុយដែលអ្នកចាយមួយភ្លែតនោះ។ ដូច្នេះមុននឹងចាយអ្នកអាចគិតបានច្រើន ដើម្បីកុំឲ្យខ្ជះខ្ជាយលើអ្វីដែលមិនបានការ។

៥. ធ្វើបញ្ជីចំណូលចំណាយមួយឲ្យបានត្រឹមត្រូវ
កត់ចូលនូវរាល់ចំណាយដែលអ្នកត្រូវមានរៀងរាល់ថ្ងៃ ហើយគិតថាតើមានចំណាយណាអាចកាត់ចោលបានទេ? ឧទាហរណ៍៖ អ្នកទម្លាប់ញ៉ាំកាហ្វេមួយថ្ងៃ ២ ដង អីចឹងតើអ្នកអាចកាត់បន្ថយសល់តែមួយដង ឬ អត់សោះបានទេ? បើបានគួរតែធ្វើ ដើម្បីអាចសន្សំលុយបានមួយចំណែកទៀត។

នេះជាវិធីល្អបំផុតសម្រាប់អ្នកដែលចូលចិត្តដើរលេង។ ប្រសិនបើចង់មានលុយគ្រប់គ្រាន់ក្នុងការដើរលេង អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន៕