រដ្ឋធានីហាណូយ៖ នាយករដ្ឋមន្រ្ដីវៀតណាម បានអះអាងថា រដ្ឋាភិបាលវៀតណាម ត្រូវតែមានវ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន ចំនួន៧៥លាននាក់ នៅក្នុងឆ្នាំ២០២១នេះ។

សារព័ត៌មានវៀតណាម (VOV) បានចេញផ្សាយ នៅថ្ងៃទី៨ ខែមិថុនា ថា ក្នុងឱកាសធ្វើការ ជាមួយក្រុមអ្នកវិទ្យាសាស្ត្រក្នុងស្រុក, អ្នកតំណាងអង្គភាពស្រាវជ្រាវ និងផលិតវ៉ាក់សាំង នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្រ្ដីវៀតណាម បានជំរុញឲ្យក្រុមអ្នកវិទ្យាសាស្រ្ដ និងអ្នកផលិតវ៉ាក់សាំង ត្រូវតែបង្កើនការស្រាវជ្រាវ និងបញ្ជូនបច្ចេកវិទ្យា សម្រាប់ការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងប្រទេសវៀតណាម ឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។

លោកនាយករដ្ឋមន្រ្តីវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមចាំបាច់ត្រូវតែមានវ៉ាក់សាំងបង្ការកូវីដ -១៩គ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន ចំនួន៧៥ លាននាក់ នៅក្នុងឆ្នាំនេះ។ ព្រោះថា ការចាក់វ៉ាក់សាំង ជាដំណោះស្រាយមូលដ្ឋាន មានរយៈពេលវែង ជាយុទ្ធសាស្ត្រ និងជាការសំរេចចិត្តដ៏ត្រឹមត្រូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះ វៀតណាម ក៏មានគម្រោងទិញវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន១៧០លានដូស ប៉ុន្ដែការដឹកជញ្ជូននឹងត្រូវប្រើ រយៈពេលវែងផងដែរ។

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៩ ១០៣នាក់ ហើយក្នុងនោះមានអ្នកជាសះស្បើយ ៣ ៥០៩នាក់ និង អ្នកកំពុងសម្រាកព្យាបាល ៥ ៥៤០នាក់ ហើយអ្នកស្លាប់ ៥៤នាក់៕