រាជធានីបាងកក៖ រដ្ឋាភិបាលថៃ បានកំណត់យកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ជាយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ទ្រង់ទ្រាយធំ នៅក្នុងប្រទេស​ ហើយក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង ២ ០០០នាក់ និងករណីស្លាប់ថ្មី ៣៣នាក់។

ក្រសួងសុខាភិបាលថៃ បានចេញរបាយការណ៍របស់ខ្លួន នៅព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ២ ៤១៩នាក់ និងករណីស្លាប់ថ្មី ៣៣នាក់។ គិតត្រឹមវេលាខាងលើនេះ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ​១៧៩ ៨៨៦នាក់ ជាសះស្បើយ ១២៩ ៥១៦នាក់ និងស្លាប់ ១ ២៦៩នាក់។​

រដ្ឋាភិបាលថៃ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ប៉ុន្ដែក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រដ្ឋាភិបាលថៃបានចាក់វ៉ាក់សាំងលើកទី១ជូនដល់ប្រជាពលរដ្ឋ ចំនួន ៩ ៧៥៤នាក់ ខណៈអ្នកចាក់លើកទី២ ចំនួន ១៧ ៨៣៧នាក់។ គិតត្រឹមវេលាខាងលើនេះ រដ្ឋាភិបាលថៃ​បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ៤ ២១៨ ០៩៤នាក់៕​