ប្រទេសថៃ៖ កាលពីថ្ងៃនេះទី០១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ចិន Sinovac ឱ្យពិភពលោកប្រើប្រាស់។ យ៉ាងណាមិញ បើទោះបីជា WHO បានពិនិត្យនិងអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac ក្ដី ប៉ុន្ដែប្រជាជនថៃ ហាក់មានការស្ទាក់ស្ទើរមិនទុកចិត្តពីសុវត្ថិភាពនៃវ៉ាក់ស៊ាំងដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលរបស់ខ្លួននេះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
ប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសថៃ មានវ៉ាក់សាំង២ប្រភេទ ដែលរដ្ឋាភិបាលថៃកំពុងតែរៀបចំចាក់ជូនប្រជាជនរបស់ខ្លួន រួមមានវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac។ ដោយក្នុងនោះវ៉ាក់សាំង Sinovac ដែលត្រូវបានចែកចាយចាក់ឱ្យប្រជាជនថៃ សរុបមានប្រមាណ ៦លានដូស។
ទោះបីជាយ៉ាងនេះក្តី វ៉ាក់សាំង Sinovac ត្រូវទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាកប្រជាជនថៃ ដោយពួកគេគិតថា វ៉ាក់ស៊ាំង Sinovac គឺមិនដូចវ៉ាក់សាំងដទៃទៀតដែលពិភពលោកកំពុងប្រើប្រាស់នោះឡើយ ពោលគឺវាជាវ៉ាក់ស៊ាំងអសកម្មដែលត្រូវបានបង្កើតឡើងពីមីក្រូសរីរាង្គងាប់ ដែលមានន័យថា អាចនឹងប្រឈមហានិភ័យទាប ឬមានផលប៉ះពាល់តិចតួចដល់អ្នកចាក់ ប៉ុន្តែវ៉ាក់ស៊ាំងអាចនឹងមិនមានអត្រាការពារប្រឆាំងនឹងជំងឺកូវីដខ្ពស់ឡើយ។ ដោយការយល់ឃើញបែបនេះហើយ ទើបធ្វើឱ្យប្រជាជនថៃមួយចំនួនមិនចង់ទទួលការចាក់វ៉ាក់សាំងនេះឡើយ។
ទន្ទឹមនឹងនេះផងដែរ អាចនិយាយបានថាដោយសារតែប្រជាជនហាក់មិនចង់ចាក់វ៉ាក់សាំង Sinovac ហេតុនេះវាអាចជាទំនោរមួយដែលរុញច្រានឱ្យរដ្ឋាភិបាលថៃ សម្រេចធ្វើការបញ្ជាទិញវ៉ាក់សាំង AstraZeneca ជាង ៦២,៧លានដូស ខណៈការបញ្ជាទិញវ៉ាក់សាំង Sinovac តែជាង៦លានដូលតែប៉ុណ្ណោះ។
ជាមួយគ្នានេះដែរ មានសេចក្តីប្រកាសព័ត៌មានបាននិយាយថា វ៉ាក់សាំង AstraZeneca ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុករបស់ថៃ Siam Bioscience បានផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនទៅឲ្យក្រសួងសុខាភិបាលថៃបណ្តើរៗហើយ។ ប៉ុន្តែចំនួនដែលត្រូវបានផ្គត់ផ្គង់ជាបឋមនោះមិនត្រូវបានប្រកាសឲ្យដឹងឡើយ គ្រាន់តែដឹងថា ការផ្គត់ផ្គង់បានកំពុងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ៕