ចុងសប្ដាហ៍ទំនេរៗគួរតែរៀនធ្វើបង្អែមនេះគ្រាន់បានជាចំណេះហើយអាចបំបាត់ភាពអផ្សុកបានទៀតផង។ លោកអ្នកនឹងទទួលបានសងខ្យាល្ពៅដែលមានរសជាតិដូចអ្នកជំនាញអាជីពធ្វើដោយគ្រាន់តែអនុវត្តតាមបង្ហាញខាងក្រោមនេះ៖

១. គ្រឿងផ្សំ
– ល្ពៅ
– ខ្ទិះដូង
– ស្ករស ឬ ស្ករត្នោត
– ពងទា រឺ (ពងមាន់ តាមចំណូលចិត្ដ)
– អំបិល
– ស្លឹកតើយ ( បើចង់បានរសជាតិស្លឹកតើយ)
– ម្សៅឆា (ដាក់ក៏បានបើចង់សង់ខ្យារាងរឹង)

២. វិធីធ្វើ៖
ជាដំបូងត្រូវយកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ ( កុំអោយធំពេក ) ហើយយកស្លាបព្រា កោសបណ្ដូលចេញ រួចលាងទឹកចេញអោយស្អាត ហើយផ្កាប់អោយស្រស់ទឹកអស់ល្អ។ យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយអោយម៉ត់ជាមួយខ្ទិះដូចរួចច្រោះយកទឹក) រួចលាយជាមួយស្ករស ពងទា និង អំបិលបន្តិច ហើយវាយបញ្ចូលគ្នាអោយឡើង ( ភ្លក់មើលអោយផ្អែម ) ទើបចាក់ក្នុងល្ពៅអោយពេញ។ បន្ទាប់មកយក មកដាក់ចំហុយអោយឆ្អិន ទុកអោយត្រជាក់យកកាំបិត កាត់រៀបដាក់ចាន រួចជាការស្រេច៕