រាជធានីភ្នំពេញ ៖ តារាសម្ដែង និងតារាចម្រៀង គឺអ្នកនាង ស៉ិន ឧត្តមផល្លា ដែលមានសមត្ថភាពច្រៀងបានច្រើនភាសានោះ បានទទួលមរណភាពហើយ ដោយសារជំងឺមហារីកខួរក្បាលធ្ងន់ធ្ងរ នៅព្រឹកនេះ នៅវេលាម៉ោង ៧និង៣០ ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ។

អ្នកនាង ស៉ិន ឧត្តមផល្លា បានកើត និងរស់នៅជាមួយជំងឺមហារីកនេះរយៈពេល១ឆ្នាំមកហើយ ខណៈដំបូងឡើយ គឺមានជំងឺដុំសាច់កូនកណ្តុរនៅក (ក្រោមស្លឹកត្រចៀក) ប៉ុណ្ណោះ ។ ពេលដែលទៅមន្ទីរពេទ្យពិនិត្យ គឺបង្ហាញថាដុំកូនកណ្តុរនោះជាដុំសាច់មហារីក ហើយក៏ព្យាបាលវះកាត់ចេញ និងមានអាការៈហាក់ប្រៀបបាននឹងជាសះស្បើយទៅហើយ ស្រាប់តែវាក៏បានវិវត្តន៍ទៅស៉ីដល់ខួរក្បាល និងបានបង្កើតជាដុំសាច់មហារីកក្នុងខួរក្បាលតែម្តង ដែលរហូតក្លាយជាដំណាក់ធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា អ្នកនាង ស៉ិន ឧត្តមផល្លា បានប្រឡូកក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះលោកស្រីហាក់មានទស្សនិកជនស្គាល់ច្រើន និងមានប្រជាប្រិយភាពខ្លាំងឡើង ទោះបីជាវ័យកាន់តែជ្រេក្តី ដោយក្រៅពីច្រៀងបានទាំងភាសាអង់គ្លេស, ចិន និងខ្មែរផងនោះ អ្នកនាងមានសមត្ថភាពអាចសម្តែងរឿងផងដែរ។ ភាពយន្តដែលអ្នកនាងបានសម្តែងកន្លងទៅ គឺ «រាជនីភូមិគ្រិះ» របស់ទូរទស្សន៍ហង្សមាស ដែលដើរតួជាម្តាយរបស់លោក ណុប បាយ៉ារិទ្ធ៕