ជាទូទៅរសជាតិស្ងោរជ្រក់ក្បាលត្រីឆ្កោកនៅតាមហាងគេនិយមប្រើទឹកស៊ុបឆ្អិនស្រាប់មកចម្អិន ខុសប្លែកពីស្ងោរជ្រក់នៅតាមស្រុកស្រែចម្ការ ឬនៅតាមផ្ទះ។ ប៉ុន្ដែរសជាតិដែលនៅផ្ទះក៏មិនចាញ់ក្នុងហាងដែរប្រសិនបើយើងអនុវត្តតាមរូបមន្ដនេះ។

១. គ្រឿងផ្សំ៖
ក្បាលត្រីឆ្កោក ផ្សិតចំបើង ជីររណារ ជីរនាងវង ស្លឹកខ្ទឹម ម្ទេសដៃនាង ខ្ទឹមស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ក្រូចឆ្មារ អំបិល ស្ករស ទឹកត្រី និងដុំស៊ុប។

២. វិធីធ្វើ៖
មុនដំបូងត្រូវដាំទឹកឲ្យពុះ រួចសឹមដាក់ខ្ទឹមសដំ ស្លឹកក្រូចសើច និងគល់ស្លឹកគ្រៃ។ បន្ទាប់មកទៀតចាប់ផ្ដើមដាក់ក្បាលត្រីស្ងោរ។ ប្រើវែកដួសពពុះពណ៌សដែលអណ្ដែតនៅខាងលើមាត់ឆ្នាំងចេញ។ បន្ទាប់មកទៀតចាប់ផ្ដើមដាក់គ្រឿងផ្សំរសជាតិមាន អំបិល ស្ករស ទឹកត្រី និងដុំស៊ុប។ នៅពេលដែលក្បាលត្រីឆ្អិនល្អ ត្រូវបង់ផ្សិតចំបើងចូលមួយរំពុះ រួចបិទភ្លើង។ ដួសសម្លដាក់ចាន ឬកូនឆ្នាំង រួចច្របាច់ក្រូចឆ្មារ ហើយបង់ជីរស្លឹកខ្ទឹម និងម្ទេសចូល នោះជាការស្រេច៕