ចំពោះមនុស្សយើងបើមិនអាចគ្រប់គ្រងខ្លួនឯងបានយើងនឹងជួបនឹងបញ្ហាផ្សេងៗ ដែលយើងមិនអាចនឹកស្មានដល់នៅថ្ងៃអនាគត។ ខាងក្រោមនេះគឺជាគន្លឹះខ្លះៗ សង្ឃឹមថានឹងអាចមានប្រសិទ្ធភាពទុកសម្រាប់អស់លោកអ្នកយកទៅអនុវត្ត។

១. សមាធិ
សមាធិមានសារៈប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត ផ្លូវអារម្មណ៍និងផ្លូវកាយរបស់យើងយ៉ាងខ្លាំង ព្រោះថាវានឹងអាចជួយឱ្យយើងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងផងដែរ។ អ្នកគួរធ្វើសមាធិឱ្យបានជាប្រចាំយ៉ាងហោចណាស់ក៏ ៥ ទៅ១០ នាទី ដើម្បីហ្វឹកហាត់នូវសមត្ថភាពខួរក្បាលរបស់អ្នកឱ្យគិតលើផ្លូវមួយ គឺដង្ហើមចេញចូល។

២. របបអាហារ
របបអាហារដែលយើងទទួលទានមានឥទ្ធិពលទៅដល់ សុខភាពហើយសុខភាពនោះទៀតសោតវាមានឥទ្ធិពលទៅលើអារម្មណ៍របស់យើង។ យើងដឹងហើយថាអាហារខ្លះធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយរបស់យើង ដូចជាអាលាក់ស៊ី ពុលក្អួតចង្អោរជាដើម។ នៅពេលដែលយើងញ៉ាំអ្វីមួយដោយមិនបានគិត ពីប្រតិកម្មរាងកាយរបស់ខ្លួនឯង វានឹងធ្វើឱ្យមានបញ្ហាដល់សុខភាព ពេលនោះអារម្មណ៍របស់យើងនឹងឆាប់ឡើងចុះឆេវឆាវ ឆាប់មានកំហឹង ។

៣. ធ្វើលំហាត់ប្រាណ
ការហាត់ប្រាណរយៈពេល ១០ ទៅ២០ នាទីជារៀងរាល់ថ្ងៃ ជួយឱ្យរាងកាយរបស់យើងមានចលនាបានល្អ ឈាមរត់ស្រួលទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។ ជាពិសេសគឺធ្វើឱ្យយើងមានសុខភាពល្អ អារម្មណ៍ល្អ ហើយនៅពេលដែលអារម្មណ៍របស់យើងល្អ ប្រាកដណាស់វានឹងធ្វើឱ្យយើងងាយស្រួលក្នុងការគ្រប់គ្រង។

៤. គេងឱ្យបានគ្រប់គ្រាន់
នៅពេលដែលយើងគេងមិនបានគ្រប់គ្រាន់ អារម្មណ៍របស់យើងអាចនឹងមួម៉ៅ ហើយយើងក៏មិនអាចគ្រប់គ្រងលើអារម្មណ៍មួយនេះបានដែរ។ អារម្មណ៍ម៉ៅធ្វើអោយយើងឆាប់ខឹង ជាពិសេសធ្វើឱ្យយើងងាយនឹងសម្រេចចិត្តខុស ហេតុនេះហើយបានជាយើងសង្កេតឃើញថាមានមនុស្សជាច្រើនកើតមានវិប្បដិសារី ដោយសារតែការក្រេវក្រោធមួយឆាវ។

៥. តាមដានអារម្មណ៍របស់ខ្លួនឯង
ចំណុចនេះគឺពិតជាមានសារៈសំខាន់ ក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ ចូរសាកល្បងកត់ចំណាំអារម្មណ៍ពោលគឺព្យាយាមតាមដានអារម្មណ៍របស់ខ្លួនឯង ព្រោះថាអារម្មណ៍របស់យើងក្នុងមួយថ្ងៃៗមិនសុទ្ធតែដូចគ្នាទាំងអស់នោះទេពេលខ្លះអារម្មណ៍សប្បាយរីករាយ មួម៉ៅ ខឹង កើតទុក្ខ ហើយពេលខ្លះក៏ឯកា៕