ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលបានរួមគំនិតគ្នាជាមួយប្ដី ឈ្មោះ ឃន ឈុនដារ៉ា ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសយ៉ាងធ្ងន់ធ្ងរបំផុតលើកញ្ញា មាន ពេជ្ររីតា។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

កូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួននៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ មានឈ្មោះ តាំង គីមហៀង បន្ទាប់ពីជននេះរួមគំនិតជាគ្នាជាមួយប្ដី ដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ហៅ Yu Bee ពិធីការិនីស្ថានីយ៍ទូរទស្សន៍ MYTV។ ការនាំខ្លួននេះធ្វើឡើងនៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន freshnews ។

សូមបញ្ជាក់ថា នាល្ងាចថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ សមត្ថកិច្ច បានចាប់​ខ្លួន​កូន​ប្រសា​របស់លោកឧកញ៉ា ហេង សៀ ជុំវិញ​រឿង​ជួល​មនុស្សប្រុស-ស្រី​ថត​រូប​អាស​អាភាស​ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិ​យស លើកញ្ញា មាន​ ពេជ្ររីតា ហើយចែក​ចាយលើបណ្តាញសង្គម។

ជន​សង្ស័យ​ដែល​បាន​ជួល​មនុស្ស​ប្រុស-ស្រី​ថត​រូប​អាស​អាភាស ឈ្មោះ ឃន ឈុនដារ៉ា ជាម្ចាស់ហាងកាហ្វេ The KOI និង Tube Cafe។ សមត្ថកិច្ច​កំពុង​បន្ត​តាម​ដាន​រក​អ្នកពាក់​ព័ន្ធ​ដែលរួម​គំនិតប្រឌិត​ករណីនេះ ៕