បរទេស៖ អ៊ីស្រាអែល កាលពីថ្ងៃទី១៤ ខែឧសភា បានបន្ដវាយប្រហារ តាមផ្លូវអាកាសយ៉ាងសន្ធាប់ទៅលើតំបន់ Gaza Strip  បន្ទាប់ពីវាយប្រហារ​ពេញមួយយប់ ​គាំទ្រដោយកងកាំភ្លើងធំ និងយន្ដហោះចម្បាំង ដែលមានគោលដៅបំផ្លាញប្រព័ន្ធផ្លូវរូងក្រោមដី ត្រូវបានសាងសង់ឡើង ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដើម្បីចល័តយុទ្ធជន និងបញ្ជូន​គ្រាប់រ៉ុក្កែត ហើយគ្រឿងសព្វា​វុធផ្សេងៗទៀត។​

អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាស ហើយក្រុមហាម៉ាសក៏បានវាយប្រហារដោយគ្រាប់រ៉ុក្កែតដាក់គ្នាទៅវិញទៅមក កាលពីល្ងាច ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយមិនទាន់មានសញ្ញាណាមួយ ដើម្បីបញ្ចប់នូវសង្រ្គាមនេះឡើយ។ ប៉ុន្ដែមន្ត្រីសុខាភិបាល ​បាននិយាយថា ការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង​ដាក់គ្នាទៅវិញទៅមកនេះ បានបណ្តាលឱ្យមានមនុស្ស ចំនួន១២៦នាក់ នៅតំបន់ហ្គាហ្សា ស្លាប់ និង​នៅខាងអ៊ីស្រាអ៊ែល មានមនុស្ស៩នាក់ស្លាប់ ហើយ​រាប់រយនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រយុទ្ធគ្នា រយៈពេលប្រាំថ្ងៃកន្លងមកនេះ។

មន្រ្ដីសុខាភិបាល បានបញ្ជាក់ថា អំពើហិង្សា រវាងជនជាតិជ្វីស និងអារ៉ាប់ នៅក្នុងប្រទេសអ៊ីស្រាអែល ​បានបន្ដកើតមានឡើង នៅក្នុងទីក្រុងនានា ហើយរាលដាលពាសពេញប្រទេស ខណៈការប៉ះទង្គិចគ្នាថ្មីបានផ្ទុះឡើង នៅក្នុងតំបន់ West Bank  ដោយមានការប៉ះទង្គិចគ្នា នៅទីក្រុងរ៉ាម៉ាឡាឡា (Ramallah), ណាប្លាស់ (Nablus) ទីក្រុង Tulkarem  និងទីក្រុងដទៃទៀត។ រីឯ​ជនជាតិប៉ាឡេស្ទីន ចំនួន១១នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្នាជាមួយកងសន្តិសុខ។ ​

បើតាមទូរទស្សន៍របស់ក្រុម Hezbollah បានឲ្យដឹងថា ក្រុមអ្នកតវ៉ាគាំទ្រជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ ចេញពីប្រទេសលីបង់ ក្នុងពេលដំណាលគ្នា ​បានកាត់របងព្រំដែន ឆ្លងចូលទឹកដីអ៊ីស្រាអែល ហើយវាយប្រហារនៅក្បែរទីប្រជុំជនភាគខាងជើង នៃទីក្រុង Metula ។ ទាហានអ៊ីស្រាអែល បានបាញ់ពួកគេ រហូតធ្វើឲ្យជនទាំងនោះ​វិលត្រឡប់ទៅកាន់ទឹកដីលីបង់វិញ​។ បាតុករម្នាក់​ជាបុរសលីបង់ អាយុ២១ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ បន្ទាប់ពីឆ្លងកាត់ព្រំដែន។

លោកវរសេនីយ៍ Jonathan Conricus អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានថ្លែងថា យន្ដហោះចម្បាំងអ៊ីស្រាអែល ចំនួន១៦០គ្រឿង និងកងទ័ពថ្មើរជើង ចំនួន៣កងពលតូច​ បានបើកប្រតិបត្ដិការទៅលើតំបន់ Gaza ពេញមួយយប់។ កងទ័ពទាំងអស់បានចូលរួមប្រតិបត្ដិការ ប៉ុន្ដែកងទ័ព​មិនបានចូលទៅកាន់​ Gaza Strip​ នោះឡើយ។ ​ការវាយប្រហារនេះ គឺសំដៅតែទៅលើរូងក្រោមដី ដែលក្រុមហាម៉ាសបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការសាងសង់ផ្លូវក្រោមដី នៅ Gaza ។​

លោកវរសេនីយ៍ Jonathan Conricus បានបញ្ជាក់ថា គោលបំណង នៃប្រតិបត្ដិការរួមគ្នា រវាងកងទ័ពអាកាស និងកងទ័ពជើងគោកអ៊ីស្រាអែល គឹដើម្បីកម្ទេចប្រព័ន្ធផ្លូវក្រោមដីរបស់ក្រុមហាម៉ាស ដែលយើងចាត់ទុកផ្លូវក្រោមដី នៅទីក្រុង Gaza ​ជាផ្លូវយុទ្ធសាស្រ្ដ ដែលក្រុមហាម៉ាសបានចំណាយពេលធ្វើ ជាច្រើនឆ្នាំ ហើយជាធនធានដ៏សំខាន់ សម្រាប់ក្រុមនេះត្រូវតែសាងសង់ឡើង៕​