បរទេស៖ យុវជនល្បីឈ្មោះម្នាក់បានស្លាប់ ដោយសារកូវីដ-១៩ ធ្វើឲ្យម្ដាយរបស់គេ កើតទុក្ខ​មិនសុខចិត្ត ហើយដាក់ពាក្យបណ្ដឹងទៅតុលាការ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីប្ដឹងលោកនាយករដ្ឋមន្រ្ដីថៃ និងស្ថាប័ន CCSA ទាមទារសំណងជំងឺចិត្ត ចំនួន៤,៥៣លានបាត (លុយថៃ) ឬប្រហែល ១៤៤ ៤៦៩ដុល្លារអាមេរិក។

សារព័ត៌មានថៃ The Nation បានផ្សាយ កាលពីថ្ងៃទី១៤ ខែឧសភា ថា ស្រ្ដីជាម្ដាយរបស់យុវជនឈ្មោះ Kulsub Watthanaphol ជាមនុស្សល្បីឈ្មោះ នៅក្នុងឧស្សាហកម្មកីឡាអេឡិចត្រូនិករបស់ប្រទេសថៃ បានដាក់ពាក្យបណ្តឹង ទៅស្ថាប័នតុលាការថៃ កាលពីថ្ងៃសុក្រ ទី១៤ ខែឧសភា ដើម្បីទាមទារ សំណងចំនួន ៤,៥៣លានបាត សម្រាប់ការស្លាប់កូនប្រុសរបស់គាត់។​ យុវជន Kulsub បានស្លាប់ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងអំឡុងពេលការរីករាលដាល នៃរលកកូវីដ-១៩។

លោក Kulchet ត្រូវជាបងប្រុសរបស់​ Kulsub បានបង្ហាញមុខ នៅក្នុងតុលាការ ដោយសារម្ដាយរបស់គាត់ប្ដឹង និងទាមទារឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) លោកនាយករដ្ឋមន្រ្ដី លេខារបស់គាត់ និងការិយាល័យរបស់នាយករដ្ឋមន្រ្ដី បង់សងសំណងជំងឺចិត្ដ ចំនួន ៤,៥៣លានបាត ចំពោះការចម្លងកូវីដ-១៩ជាចង្កោម នៅក្នុងទីក្រុងបាងកក បណ្ដាលឲ្យ Kuchet ស្លាប់។ ប្អូនប្រុសរបស់គាត់បានស្លាប់ ដោយសារការមិនបានព្យាបាលឲ្យត្រឹមត្រូវ នាពេលនោះ។​

លោក Kulchet បានបញ្ជាក់ថា នៅពេលប្អូនប្រុសរបស់គាត់បានកើតរោគសញ្ញា ដូចកូវីដ-១៩ បានចុចទូរស័ព្ទហៅទៅលេខទូរស័ព្ទរបស់ CCSA ប៉ុន្ដែទូរស័ព្ទទាំងនោះរវល់រហូត។​ ការធ្វេសប្រហែសរបស់ CCSA  ដែលក្រុមគ្រួសាររបស់គាត់កំពុងប្តឹង ក៏ជាអ្វីដែលជំរុញឱ្យមានការផ្ទុះឡើង នៃជំងឺកូវីដ​-១៩ នៅឯកន្លែង ​Thong Lor ​កាលពីចុងខែមីនា ឆ្នាំ២០២១។ លោកបានបន្តថា ដូច្នេះភ្នាក់ងារទាំងអស់ ត្រូវតែបង់ប្រាក់ សម្រាប់ការខូចខាតដែលបានកើតឡើង ចំពោះគ្រួសាររបស់លោក។

លោក Kulchet បានពន្យល់ថា ការទាមទារសំណង៤,៥៣លានបាត ត្រូវផ្អែកទៅលើលុយ ដែល​ Kulsub បានផ្ញើទៅឲ្យម្ដាយរបស់គេ ក្នុង១ខែ ចំនួន១៥ ០០០បាត ឬស្មើនឹង៤៧៨ដុល្លារសហរដ្ឋអាមេរិក​។ ចាប់តាំងពីគេស្លាប់មក ម្ដាយរបស់គេបានបង់ចំណូលចំនួន៤,៥លានបាត  ហើយថែមទាំងចំណាយលើការធ្វើបុណ្យ រហូតដល់ ៣០ ០០០បាត ឬប្រហែល ៩៥៦ដុល្លារសហរដ្ឋអាមេរិក។​

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដីថៃ និង CCSA មិនទាន់បានឆ្លើយតបទៅនឹងពាក្យបណ្ដឹងរបស់ស្រ្ដីខាងលើនេះ នៅឡើយ៕