ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តតាកែវ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣០នាក់បន្ថែមទៀត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ថា អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៣០នាក់ ជាអាជីវករ ជាងដែក និងកម្មករ កម្មការិនីរោងចក្រ ដែលរកឃើញនៅស្រុកសំរោង ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៣០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី រកឃើញករណីវិជ្ជមានជំងឺកូវីដ ចំនួន៥០នាក់ នៅថ្ងៃទី១៣ មិ្សលមិញ ហើយភាគច្រើនបំផុតជាអ្នកធ្វើការនៅក្នុងរោងចក្រតែម្តង។

អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៥០នាក់ រួមមានមាន៖ ជានិស្សិតអគ្គិសនីភ្នំពេញម្នាក់ , អាជីវករ នៅផ្សារដើមគ និងផ្សារត្រាំខ្នារ ចំនួន៩នាក់ , កម្មករ កម្មការិនីរោងចក្រ សាន់បូ ចំនួន៣៧នាក់ , ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួនម្នាក់ , កសិករ ចំនួនម្នាក់ , អ្នកបកប្រែ និងកាន់ស្តុករោងចក្រ រីផេន ចំនួនម្នាក់ ដោយអ្នកឆ្លងជំងឺកូវីដទាំងអស់នេះ ជាអ្នករស់នៅស្រុកត្រាំកក់ , ស្រុកអង្គរបូរី , ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។