រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ចំនួន៣០នាក់ បានជាសះស្បើយ ក្នុងនោះ នៅស្រុកកងមាស ចំនួន ១៣នាក់, ស្រុកកំពង់សៀម ចំនួន២នាក់, ស្រុកបាធាយចំនួន៤នាក់, ស្រុកស្រីសន្ធរចំនួន៧នាក់ និងស្រុកចំការលើចំនួន៤នាក់។

ក្នុងសេចក្ដីជូនដំណឹងបន្តថា ដោយមានការខិតខំប្រឹងប្រែងពីសសំណាក់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមេគង្គកំពង់ចាម អ្នកជំងឺកូវីដ-១៩ ចំនួន៣០នាក់ ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម និងបន្តធ្វើចត្តាឡីស័ក រយ:ពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម មានអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: សរុបចំនួន២០០នាក់ មានអ្នកជាសះស្បើយចំនួន៦១នាក់និងមានអ្នកស្លាប់ចំនួន២នាក់៕