ខេត្តតាកែវ ៖ យុវជន២នាក់បងប្អូន បានទិញស្រាមកអង្គុយព័ទ្ធវង់ជល់កែវគ្នា លុះពេលស្រាចូលពោះស្រវឹងធ្លាក់ភ្នែក ស្រាប់តែអាកូនបងកំពូលចង្រៃ បាននិយាយពន្យុះអាកូនប្អូនចង្រៃដូចគ្នា ឲ្យដុតផ្ទះឪពុកចោល ដោយសំអាងថា វេចបង្វេចទៅនៅវត្តជាមួយគ្នា ហើយអាកូនប្អូន ក៏បានដូចចិត្តទៀត យកដែកកេះដុតផ្ទះឪពុកចោលមែន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣៦នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

កូនប្រុសចង្រៃនាំគ្នាដុតផ្ទះឪពុកចោលនេះ មានឈ្មោះម៉ុស ក្រង់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ( អាបង ជាអ្នកពន្យុះ ) ។ ចំណែក អាប្អូនជាអ្នកដុះ ឈ្មោះម៉ុស ក្រង រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលរងការខូចខាតមានទំហំ ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ប្រក់ពីស័ង្កសីឆាប់ឆេៈអស់៤០ភាគរយ ព្រោះបានកម្លាំងសមត្ថកិច្ចចុះ
អន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលា។ មូលហេតុ ជនសង្ស័យខាងលើ បានផឹកស៊ីជាមួយគ្នា។ លុះពេលស្រវឹងធ្លាក់ភ្នែកជនសង្ស័យជាបង បាននិយាយពន្យុះប្អូនឲ្យដុតផ្ទះចោលទៅ ហើយពួកយើងទៅនៅវត្តជាមួយគ្នា សាងអនាគតជាថ្មី ។ ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់តាមនីតិវិធី៕