រាជធានីភ្នំពេញ ៖ កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោកមេធាវី គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេច បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV ដែលមានវិវាទជាមួយ ឧកញ៉ា ហេង សៀ ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ ដែលគេដឹងថា ជាឈ្មួញរកស៊ីដ៏ធំមួយរូប បានបញ្ចេញនូវលិខិតមួយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។

បន្ទាប់ពីនោះ ក៏មានរូបភាពអាសអាភាសមួយចំនួនត្រូវបានផ្សព្វផ្សាយដោយក្រុមឧក្រិដ្ឋជន ដោយចោទប្រកាន់ថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា តែយ៉ាងណា កញ្ញា មាន ពេជ្ររីតា បានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅ នោះទេ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន។

តាមរយៈមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលកំពុងការពារក្តីជូន កញ្ញា មាន ពេជ្ររីតា ដែលបានបញ្ជាក់ ចាត់ទុកថា ការចោទប្រកាន់របស់ ឧកញ៉ា ហេង សៀ ថា មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ម្តងចោទជា «ស្រ្តីលក់ខ្លួន» នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់នាង។ ពេលនេះក្រុមមេធាវីនៅកំពុងសិក្សាប្រមូលភស្តុតាងថែម ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់នារីម្នាក់ឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ពីបទ « លួចមានស្ថានទម្ងន់ទោស » ( លួចទូរស័ព្ទដៃ ដោយប្រើហិង្សាបណ្តាលឲ្យឧកញ៉ាម្នាក់រងរបួស) ។

ក្រោយការចោទប្រកាន់ ជនជាប់ចោទត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើការចាប់បញ្ជូនខ្លួននារីជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណី លួចទូរស័ព្ទដៃនិងប្រើហិង្សា ចាក់ឧកញ៉ាម្នាក់រងរបួស។

តាមប្រភពព័ត៌មានពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីលួចមានស្ថានទម្ងន់ទោសនេះ កើតឡើង កាលពីថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១៥ និង០៦នាទី នៅចំណុចផ្លូវលេខ១៣៨ កែងផ្លូវលេខ២៥៩ ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នារីជាជនត្រូវចោទឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី បានចូលលួចទូរស័ព្ទដៃ ហើយត្រូវបានលោកឧកញ៉ា ហេង សៀ ម្ចាស់ទូរស័ព្ទឃើញ លោកក៏មកឆក់យកទូរស័ព្ទវិញ ក៏មានការប្រតាយប្រតប់គ្នាបណ្តាលឲ្យលោកឧកញ៉ា ហេង សៀ រងរបួសចំនួនពីរកាំបិត។

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដដែល កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម ជាតារាបង្ហាញម៉ូត និងជាពិធីការិនីទូរទស្សន៍ MyTV បានដាក់ពាក្យបណ្តឹង ប្តឹងបកលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ក្នុងរថយន្ត។

នៅក្នុងពាក្យបណ្តឹងរបស់ កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី បានបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រហែលម៉ោង២-៣ លោកឧកញ៉ា ហេង សៀ បានទូរស័ព្ទមក កញ្ញា មាន ពេជ្ររីតា ដោយប្រាប់ថា ចង់ឲ្យអីវ៉ាន់នាង ដូចជាមី អង្ករ ទឹកត្រីមួយចំនួន ដើម្បីយកទៅចែកឲ្យពលរដ្ឋដែលរងគ្រោះដោយជំងឺកូវីដ ហើយឲ្យនាងនៅចាំក្បែរផ្សារគីឡូម៉ែត្រលេខ៤ ជិតសាលកវិទ្យាល័យអាស៊ីអឺរ៉ុប ។ ពេលឧកញ៉ា ហេង សៀ បានបង្ខំឲ្យនាងចូលក្នុងរថយន្តរបស់ឧកញ៉ា ហេង សៀ ដោយប្រាប់ថា មានរឿងចង់និយាយគ្នា ហើយពេលនេះ លោកឧកញ៉ា ហេង សៀ បាននិយាយពាក្យអាសអាភាសដាក់នាង ហើយយកដៃស្ទាប់អង្អែលភ្លៅនាង និងប្រដាប់ភេទនាង ដោយប្រាប់ថា ខ្លួនខានរួមភេទយូរហើយ ព្រោះប្រពន្ធខ្លួនមិនឲ្យសោះ ចាប់តាំងពីចាក់វ៉ាក់សាំងរួចមក ហើយពេលនេះ ខ្លួនមានអារម្មណ៍ចង់រួមភេទណាស់ និងមានបំណងយកនាងទៅផ្ទះសំណាក់ទៀតផង ។

ក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បន្តទៀតថា ពេលនោះនាងប្រាប់ទៅលោកឧកញ៉ា ហេង សៀ វិញថា កុំធ្វើអ៊ីចឹងអី នាងលោតចុះពីលើឡាន និងសូមឲ្យជូននាងត្រឡប់ទៅផ្ទះវិញ តែលោកឧកញ៉ា ហេង សៀ ប្រាប់ថា ខ្លួនមានកាំភ្លើង ធ្វើឲ្យនាងមានការភិតភ័យជាខ្លាំង ស្ទើរបាត់បង់ស្មារតី ហើយបានរត់មកកៅអីផ្នែកខាងក្រោយរថយន្ត ហើយលោកឧកញ៉ា ហេង សៀ បានឈប់រថយន្ត ដោយយកដៃមកសង្គ្រប់លើរូបនាង ទើបនាងខំប្រឹងរើបម្រះខ្លាំង រហូតបើកទ្វាររថយន្តបានចុះរត់គេចខ្លួន…។ បើសិនជានាងរត់មិនរួចទេ គឺលោកឧកញ៉ា ហេង សៀ មានបំណងចាប់រំលោភនាងក្នុងឡាន …។

ក្នុងពាក្យបណ្តឹងរបស់កញ្ញា មាន ពេជ្ររីតា បញ្ជាក់ថា នាងសូមធ្វើបណ្តឹងតបវិញ ដោយធ្វើការទាមទារដូចខាងក្រោម៖
១. ប្តឹងឧកញ៉ាពីបទ« ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់
២. ទាមទារសំណងជំងឺចិត្តចំនួនទឹកប្រាក់១០០ ០០០ដុល្លារ (១០ម៉ឺនដុល្លារអាមេរិក)
៣. ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ ចំនួន១០ ០០០ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)៕