រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ លោកសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើលិខិតជម្រាបជូនទៅអភិបាល នៃគណៈអភិបាលខេត្ត ស្នើសុំអន្តរាគមន៍ចាត់វិធានការ ឱ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាព នូវរាល់ការចុះ ហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារ ធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ក្នុងលិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថា ជម្រាបជូនទៅអភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នាពេលថ្មីៗនេះក្រសួងបរិស្ថាន បានពិនិត្យឃើញថា រដ្ឋបាល ឃុំសង្កាត់ មួយចំនួននៅតែបន្ត ធ្វើការចុះហត្ថលេខា បញ្ជាក់ទទួលស្គាល់នៅលើ លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំ កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបាន កាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ ដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវអានុភាពនានារបស់ឯកសារ ខាងលើ ក្រសួងបរិស្ថាន ស្នើសុំអភិបាលនៃគណៈអភិបាលខេត្ត មេត្តាចាត់ វិធានការមួយចំនួនជាបន្ទាន់ ដូចខាងក្រោម៖

១.បដិសេធ និងមោឃភាព រាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខា បញ្ជាក់នាពេលកន្លងមក។

២.សូមណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិត ផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។

៣.ផ្តល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ ណាដែលនៅតែបន្តចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍ នៅលើដី ដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕