បរទេស៖ កងទ័ពអ៊ីស្រាអែល បាន​វាយប្រយុទ្ធគ្នាជាមួយនឹងក្រុមហាម៉ាសយ៉ាងខ្លាំង ហើយកាលពីព្រឹក ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ បានបន្ដ​ឆ្លងចូលកាន់កាប់តំបន់ Gaza Strip  ដោយមានការបាញ់គាំទ្រពីកងកាំភ្លើងធំ រថក្រោះ និងយន្ដហោះចម្បាំង ទៅលើដែនដីរបស់​ប៉ាឡេស្ទីន​​។

ស្រ្ដីអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានប្រកាសថា កងទ័ពអាកាស និងទ័ពថ្មើរជើងរបស់អ៊ីស្រាអែល បានចូលរួមការវាយប្រហារទៅលើតំបន់​ Gaza​ ។ ប៉ុន្ដែស្រ្ដីអ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់លម្អិត អំពីចំនួនទ័ព ឬកងពលណាបានវាយលុកឆ្លងកាត់ព្រំដែនរបស់ប៉ាឡេស្ទីននោះទេ។

សង្រ្គាមតាមផ្លូវអាកាស បានផ្ទុះឡើងពេញ១ថ្ងៃព្រហស្បតិ៍ រវាងកងទ័ពអ៊ីស្រាអែល និងប៉ាឡេស្ទីន​ ដោយមានការបាញ់ផ្លោង និងវាយប្រហារតាមអាកាសយ៉ាងខ្លាំង។ ប៉ុន្ដែគេមិនទាន់មានដឹងថា ភាគីទាំងមានអ្នករងរបួស ឬស្លាប់ប៉ុន្មាននាក់នៅឡើយ ហើយរហូតមកដល់ថ្ងៃសុក្រ ទី១៤ ខែឧសភា នេះ ភាគីជម្លោះទាំង២ នៅតែ​វាយប្រហារគ្នាបន្ដទៀត។ ចំណែកគ្រាប់ផ្លោងរបស់ក្រុមហាម៉ាស ដែលបានបាញ់មកលើដែនដីរបស់អ៊ីស្រាអែលនោះ ត្រូវបានប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលចាប់បានស្ទើរតែទាំងអស់។

ក្រោយពេលព្រះអាទិត្យលិច នាថ្ងៃទី១៣ ខែឧសភា ការប៉ះទង្គិចគ្នា រវាងពួកជ្វីព និងអារ៉ាប់អ៊ីស្រាអែល បានបន្ដកើតឡើង នៅតាមទីក្រុងជាច្រើន។​ រីឯការទម្លាក់គ្រាប់បែក​បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងប្រទេសអ៊ីស្រាអែល និងតំបន់ហ្គាហ្សា។ ​​គ្រាប់រ៉ុកែ្កតជាង ១ ៧០០គ្រាប់ ត្រូវបានបាញ់ចេញពីហ្គាហ្សា (Gaza) ធ្លាក់ដូចតំណក់ភ្លៀង ហើយអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល ដែល​ជាបណ្តាញតភ្ជាប់ដ៏សំខាន់របស់ប្រទេសនេះ ទៅកាន់ពិភពខាងក្រៅ ក៏ត្រូវបានបិទដោយគ្មានកំណត់ពេលវេលា ចំពោះជើងហោះហើរ​។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា រ៉ុក្កែតបានវាយប្រហារមកលើអាកាសយានដ្ឋាន Ramon ​របស់អ៊ីស្រាអែល ទើបធ្វើឲ្យជើងហោះហើរត្រូវបានបង្វែរទៅកាន់ទិសដៅផ្សេង។​​

ដោយឡែក ក្រសួងសុខាភិបាល Gaza  បានអះអាងថា ការវាយប្រហាររបស់អ៊ីស្រាអែល កាលពីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នោះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ចំនួន១០៩នាក់​រួមទាំងកុមារចំនួន២៨នាក់ បានបាត់បង់ជីវិត និងមនុស្សចំនួន៦២១នាក់ផ្សេងទៀតបានរងរបួស។​

ដោយឡែកបណ្ដាញផ្សព្វផ្សាយរបស់លីបង់ កាលពីល្ងាច ថ្ងៃទី១៣ ខែឧសភា បានរាយការណ៍ថា គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ បានបាញ់ចេញពីភាគខាងត្បូង ប្រទេសលីប៉ង់ តម្រង់ទៅកាន់ប្រទេសអ៊ីស្រាអែល។  ប៉ុន្ដែកងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា រ៉ុក្កែតចំនួន៣គ្រាប់បានធ្លាក់ ចូលទៅក្នុងសមុទ្រមេឌីទែររ៉ាណេ។

នៅក្នុងសុន្ទរកថាមួយ លោក Antony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស បានបញ្ជាក់យ៉ាងច្បាស់ថា លោកបានបន្ទោសបន្ថែមទៀតទៅលើក្រុមហាម៉ាស ដោយនិយាយថា មានភាពខុសគ្នាជាមូលដ្ឋាន រវាងអង្គការភេរវករ ក្នុងក្រុមហាម៉ាស ដែលកំពុងផ្តោតលើជនស៊ីវិល និងអ៊ីស្រាអែល ដែលកំពុងការពារខ្លួនដោយមិនរើសអើង។ ​លោក Blinken និងប្រធានាធិបតី Joe Biden នៅតែនិយាយការពារថា ​អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ហើយត្រូវបានទទួលការរិះគន់ពីសមាជិកសភាអាមេរិកសេរីជាច្រើនរូប​៕