បរទេស៖ គិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃនៅតែជាប្រទេសភូមិផងរបងជាមួយនឹងកម្ពុជា មានអ្នកឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ។

សារព័ត៌មាន The Nation  បានផ្សាយ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ថៃ ហៅកាត់ CCSA បានរាយការណ៍ នៅព្រឹកនេះថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក​ CCSA បានរកឃើញករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ ចំនួន ២ ២៥៦នាក់ រួមទាំងអ្នកមកពីក្រៅប្រទេស៥ករណីផង និងករណីស្លាប់ចំនួន៣០នាក់។ គិតត្រឹមវេលាខាងលើ ថៃមានអ្នកឆ្លងកូវីដ-១៩សរុប ៩៦ ០៥០ ស្លាប់ ៥៤៥នាក់ និងជាសះស្បើយ ៦២ ៣១៦នាក់។

ដោយឡែកក្រសួងសុខាភិបាលកម្ពុជា បានរាយការណ៍ថា កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន ៣៥៩នាក់ និងករណីស្លាប់ថ្មី ៥នាក់។ កម្ពុជាមានអ្នកឆ្លងសរុប ២១ ៤៩៩នាក់ អ្នកជាសះស្បើយ ៩៨៦៧នាក់ និងស្លាប់១៤៧នាក់។

វៀតណាមរកឃើញករណីឆ្លងថ្មី៣០នាក់ តែមិនមានករណីស្លាប់ថ្មីទេ។ វៀតណាមមានអ្នកឆ្លងសរុប ៣ ៧៤០នាក់ ស្លាប់៣៥នាក់ ជាសះស្បើយ ២ ៦៥៧នាក់ និងកំពុងសម្រាកព្យាបាល ១ ០៤៨នាក់។ នេះបើតាមការចេញផ្សាយរបស់ Worldometer។

ឡាវ រកឃើញករណីឆ្លងថ្មី ១៦នាក់ និងករណីស្លាប់ថ្មីម្នាក់ ធ្វើឲ្យឡាវមានអ្នក​ឆ្លងសរុប ១ ៤៩៨នាក់ ជាសះស្បើយ ៥១៣នាក់ និងកំពុងសម្រាកព្យាបាល ៩៨៣នាក់ ហើយស្លាប់តែ២នាក់។ នេះបើតាមការចេញផ្សាយរបស់ Worldometer៕