រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានបើកប្រតិបត្តិការក្តៅដោយចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្មប្រុសស្រីបានចំនួន១៣នាក់ ជាបន្តបន្ទាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយពីបក្ខពួកជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចនៅក្នុងភូមិសាស្ត្រអូរបែកក្អម។

ករណីចោរកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបបទល្មើសចោរកម្មនេះដឹកនាំដោយលោក កួច សុភា អធិការរងខណ្ឌសែនសុខ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅវេលាម៉ោងប្រមាណជា៩ព្រឹក នៅក្នុងភូមិសាស្ត្រសង្កាត់អូរបែកក្អម បន្ទាប់មកសមត្ថកិច្ចបន្តទៅតាមចាប់បក្ខពួកផេ្សងទៀត ដែលកំពុងសំងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់(យីហោតារាពេជ្រ ម៉ូឌែន ) បានចំនួន២នាក់ទៀតដោយដកហូតបានម៉ូតូចំនួន ២គ្រឿង។

ប្រភពបន្តថា លុះដល់វេលាយប់ថ្ងៃដដែល សមត្ថកិច្ចធ្វើការស្រាវជ្រាវនិងចុះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១០នាក់បន្ថែមទៀតក្នុងនោះមានស្រី២នាក់ សង្ស័យក្រុមបក្ខពួកឆក់នៅចំណុចផ្ទះសំណាក់ដដែល ។ ខណៈដែលសមត្ថកិច្ចកំពុងតែឡោមព័ទ្ធ ស្រាប់តែជនសង្ស័យម្នាក់បានជិះម៉ូតូរត់គេចខ្លួនត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដេញប្រផាប់ចាប់ប្រភីងរហូតដល់ក្នុងមន្ទីរពេទ្យជប៉ុន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបគាត់បាន។
ជនសង្ស័យប្រុសស្រីទាំង១៣នាក់ សមត្ថកិច្ចនាំមកធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ រាយការណ៏P19