រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះគឺលោកយាយ ណយ សំណាង បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ ដោយខណៈពេលនេះត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលដោយឃើញមានកូនប្រុសរបស់គាត់គឺលោក វណ្ណា ស័ក្តិ បានធ្វើដំណើរទៅជាមួយផងដែរ។ ក្នុងនោះដែរលោក ហេង ឡុង ប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ជាក់នៅលើ Facebook របស់លោកថា ៖

“តាមការបញ្ជាក់របស់តារាចម្រៀង វណ្ណា ស័ក្តិ ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថា លោកយាយបានឆ្លងជំងឺកូវីដ19! សូមទេវតាតាមជួយថែរក្សាលោកយាយឲ្យឆាប់ជាសះស្បើយ”។ លោក វណ្ណា ស័ក្តិ តារាចម្រៀងល្បីឈ្មោះនិងជាម្ចាស់បទ “លាក់ប្រវត្តិក្បត់ក្បែរបេះដូងស្មោះ” បានរៀបរាប់នៅលើ Facebook លោកដែរថា “មិនគួរណាមានបញ្ហារចឹងមកលើម៉ាក់ខ្ញុំ និងគ្រួសារខ្ញុំសោះ ហេតុអ្វីទៅលោកអើញ…….អាណិតម៉ាក់ណាស់ សូមវត្ថុ ស័ក្តិសិទ្ធជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីរជម្ងឺនេះផង សុខចិត្តអោយខ្ញុំធ្វើអ្វីក៏បានដែរ ខ្ញុំព្រមធ្វើតាមទាំងអស់ អោយតែម៉ាក់បានជាសះស្បើយពីជម្ងឺរកាចសាហាវនេះ ខ្ញុំមិនដឹងនិយាយថាម៉េចអោយត្រូវទេ គាំងអស់ហើយ មានតែសុំពាក្យជូនពរពីរបងប្អូនទាំងអស់គ្នា អោយម៉ាក់ខ្ញុំនិងគ្រួសារខ្ញុំបានជាសះស្បើយពីរជម្ងឺនេះផងចុះយកជីវិតខ្ញុំទៅ សូមកុំយកជីវិតម៉ាក់ខ្ញុំអី”៕