ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី រកឃើញករណីវិជ្ជមានជំងឺកូវីដ ចំនួន៥០នាក់ នៅថ្ងៃទី១៣ មិ្សលមិញ ហើយភាគច្រើនបំផុតជាអ្នកធ្វើការនៅក្នុងរោងចក្រតែម្តង។

អ្នកជំងឺរកឃើញឆ្លងថ្មីទាំង៥០នាក់ រួមមានមាន៖ ជានិស្សិតអគ្គិសនីភ្នំពេញម្នាក់ , អាជីវករ នៅផ្សារដើមគ និងផ្សារត្រាំខ្នារ ចំនួន៩នាក់ , កម្មករ កម្មការិនីរោងចក្រ សាន់បូ ចំនួន៣៧នាក់ , ពលករ ដែលទើបត្រឡប់មកពីប្រទេសថៃចំនួនម្នាក់ , កសិករ ចំនួនម្នាក់ , អ្នកបកប្រែ និងកាន់ស្តុករោងចក្រ រីផេន ចំនួនម្នាក់ ដោយអ្នកឆ្លងជំងឺកូវីដទាំងអស់នេះ ជាអ្នករស់នៅស្រុកត្រាំកក់ , ស្រុកអង្គរបូរី , ស្រុកព្រៃកប្បាស ស្រុកបាទី និងស្រុកកោះអណ្តែត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលអ្នកឆ្លងជំងឺកូវីដ១៩ ទាំង៥០នាក់ ត្រូវមកយកសំណាកធ្វើតេស្តរកកូវីដ១៩ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ៕