ហាត់ប្រាណផង តបចំណីផងតែនៅតែមិនស្រកគីឡូសោះមានតែឡើងថែម។ ទាំងនេះដោយសារតែយើងមិនទាន់ដឹងពីគន្លឹះក្នុងការថែរក្សារាង។ បើដឹងហើយប្រាកដជាអាចរក្សាបាននូវរាងដែលបងប្អូនពេញចិត្ត។ គន្លឹះទាំងនោះរួមមាន៖

១.កំណត់ចំនួនអាហារ
ក្នុងអំឡុងពេលនៅផ្ទះ អ្នកអាចនឹងញ៉ាំច្រើនដោយសារមិនបានធ្វើការប្រកបការងារ ហេតុដូចនេះប្រសិនបើអ្នកបណ្ដែតបណ្ដោយការញ៉ាំតាមតែចិត្តចង់នោះ អាចនឹងធ្វើឱ្យអ្នកធាត់លើសគីឡូក្នុងរយៈពេលខ្លីជាមិនខាន។ ដូច្នេះ អ្នកគួរតែកំណត់បរិមាណអាហារឱ្យបានត្រឹមត្រូវ។

២. ជ្រើសអាហារឱ្យបានត្រឹមត្រូវ
អ្នកគួរតែចាប់ផ្ដើមជាមួយរបបអាហារដែលត្រឹមត្រូវ។ ពោលគឺញ៉ាំបន្លែផ្លែឈើដូចជា ចេក ល្ហុង ប័រ ឪឡឹក ក្រូច ស្រកានាគឱ្យបានច្រើន និងជាពិសេសបន្លែបៃតង ដែលសម្បូរជាតិកាកសរសៃហ្វៃប័រជួយសម្រួលដល់ការបន្ទរបង់មិនធ្វើឱ្យបងប្អូនទល់លាមក និងមានក្បាលពោះឡើយ។ មួយវិញទៀត សូមកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា អាហារបំពង ចៀន សាច់ជ្រូក ស្បែកមាន់ ឬសាច់ផ្សេងទៀតដែលមានជាប់ខ្លាញ់ច្រើន ពីព្រោះវាអាចបណ្ដាលឱ្យអ្នកធាត់ឬដុះក្បាលពោះលឿនខ្លាំងបំផុត។

៣.ធ្វើលំហាត់ប្រាណ
ក្នុងអំឡុងពេលនៅផ្ទះបងប្អូនមានពេលវេលាច្រើនក្នុងការហាត់ប្រាណ ដូច្នេះ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏ត្រូវហាត់ប្រាណឱ្យបាន៣០នាទីឬ១ម៉ោងដែរ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ ហាប់ណែនល្អ។ លើសពីនេះ ការហាត់ប្រាណជួយឱ្យចលនាឈាមរត់ស្រួលល្អ ដុតរំលាយជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួន ជួយចលនាបេះដូង និងជួយបណ្ដេញជាតិពុលចេញពីរាងកាយបានយ៉ាងល្អបំផុត៕