បរទេស៖ រហូតមកដល់ពេលនេះ កូវីដ-១៩មិនត្រឹមតែឆ្លងទៅលើប្រជាពលរដ្ឋថៃប៉ុណ្ណោះទេ ហើយវាថែមទាំងរាតត្បាត​ នៅក្នុងពិភពបាល់ទះ​ជម្រើសជាតិនារីថៃ បណ្ដាលឲ្យមានអ្នកឆ្លងជាង២០នាក់ រហូតខកខានទៅប្រកួត នៅក្នុងប្រទេសអ៊ីតាលី។

សមាគមបាល់ទះថៃ បានប្រកាស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ថា  ក្រុមបាល់ទះជម្រើសជាតិនារីថៃ ចំនួន២២នាក់ បានរកឃើញឆ្លងកូវីដ-១៩។ ការរកឃើញឆ្លងកូវីដ-១៩លើក្រុមបាល់ទះជម្រើសជាតិនារីថៃនេះ បានកើតឡើង ក្រោយពេលបុគ្គលិកវិទ្យាសាស្រ្ដ កីឡាចំនួន៤នាក់ បានឆ្លងវីរុសដ៏កំណាចនេះ។​

សមាគមបាល់ទះជម្រើសជាតិ​ថៃ បានបញ្ជាក់ថា បុគ្គលិកទាំងនោះបានទៅហ្វឹកហាត់អត្តពលិក នៅឯមណ្ឌលហ្វឹកហ្វឺន​របស់ពួកគេ នៅក្នុងខេត្ត Nakhon Pathom មុនពេលពួកគេបានធ្លាក់ខ្លួនឈឺ ហើយក្រោយមក​ត្រូវបានធ្វើតេស្ត ស្វែងរកកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ Nakhon Pathom ។ ​​លទ្ធផលធ្វើតេស្ដ បានបង្ហាញ​វិជ្ជមាន នៅថ្ងៃអង្គារ (១១ ឧសភា) ។

សមាគមបាល់ទះជម្រើសជាតិថៃ បានបន្ថែមថា ក្រោយពេលដឹងលទ្ធផលបុគ្គលខាងលើភា្លម  យើងបានបញ្ជូនអត្ដពលិកទាំងអស់ ចំនួន៣៧នាក់​ គ្រូបង្វឹក និងបុគ្គលិកដទៃទៀត ដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងអ្នកឆ្លងខាងលើ ដើម្បីធ្វើតេស្ដ ស្វែងរកកូវីដ-១៩។ លទ្ធផលបានបង្ហាញ កាលពីព្រឹកនេះ (ថ្ងៃទី១២ ខែឧសភា) ថា កីឡាការិនីចំនួន២២នាក់ បានឆ្លងកូវីដ-១៩។​

សមាគមបាល់ទះជាតិថៃ បានបន្ថែមទៀតថា​ កីឡាការិនីទាំង២២នាក់នោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ Piyavate  ស្ថិតក្នុងទីក្រុងបាងកក ដែលជាអ្នកឧបត្ថម្ភលើការថែទាំសុខភាពផ្លូវការរបស់ពួកគេ។ ដោយឡែកបុគ្គលិកទាំង៤នាក់ខាងលើ ត្រូវបានញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ​ Nakhon Pathom ។

ការឆ្លងលើកីឡាការិនីដ៏ច្រើនបែបនេះ បានបង្ខំឲ្យក្រុមបាល់ទះជម្រើសជាតិនារីថៃ ដកខ្លួនចេញពីការប្រកួត FIVB Volleyball Women’s Nations League  នៅក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៥ ខែឧសភា-ថ្ងៃទី២៥ ខែមិថុនា។ ជាមួយគ្នានេះ សមាគមបានសុំការអភ័យទោសដល់អ្នកគាំទ្រទាំងអស់ នៅទូទាំងពិភពលោក ហើយសមាគមនឹងយកចិត្តទុកដាក់លើអត្ដពលិក និងបុគ្គលិក ដោយចាត់ទុកពួកគេជាសមាជិកគ្រួសាររបស់យើង៕​