ប្រសិនបើរាងកាយផ្ទុកជាតិស្ករច្រើនខ្លាំងពេក អ្នកប្រាកដជាត្រូវរងនូវផលប៉ះពាល់ផ្សេងៗ។ ហេតុនេះហើយ ដើម្បីការពារមិនឲ្យសុខភាពកាន់តែទ្រុឌទ្រោម ដោយសារកម្រិតជាតិស្ករខ្ពស់ អ្នកគួរតែព្យាយាមកាត់បន្ថយឲ្យទាន់ពេលវេលា។ ខាងក្រោមនេះ ជារោគសញ្ញាដែលបញ្ជាក់ថាលោកអ្នកទទួលទានជាតិស្ករលើសកម្រិតហើយ។

១. ឈឺសាច់ដុំ និងសន្លាក់
នៅពេលរាងកាយទទួលយកជាតិស្ករច្រើន ធ្វើឲ្យកោសិកានៃប្រព័ន្ធភាពស៊ាំបញ្ជូនទៅកាន់ឈាម ជាហេតុនាំសារធាតុផ្សេងៗរួមទាំងប្រូតេអ៊ីនបានបម្លែងទៅជាម៉ូលេគុលគ្លុយកូស។ វាក៏អាចបណ្ដាលឲ្យកើតជំងឺរលាកសន្លាក់ ឈឺសាច់ដុំ ជំងឺភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំខ្សោយ និងស្បែកជ្រីវជ្រួញផងដែរ។

២. ឃ្លានតែរបស់ផ្អែមៗមិនឈប់
ជាតិស្ករពិតជាមានដំណើរការលឿនខ្លាំងណាស់ និងកាន់តែធ្វើឲ្យអ្នកឆាប់ឃ្លាន។ ញ៉ាំរបស់ផ្អែមញឹកញាប់ អ្នកនឹងកាន់តែញៀន ព្រោះវាអាចជួយឲ្យអារម្មណ៍ល្អ។ មួយវិញទៀត អាហារដែលផ្អែម មិនអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតឡើយ ព្រោះវាគ្មានផ្ទុកជីវជាតិដែលមានប្រយោជន៍សម្រាប់សុខភាព។

៣. កម្លាំងថាមពលក្នុងខ្លួនឡើងចុះមិនទៀង
សារធាតុគ្លុយកូស អាចផ្តល់ថាមពលដល់រាងកាយរបស់អ្នក ដូច្នេះហើយទើបបានជាមនុស្សគ្រប់គ្នា ត្រូវរក្សាកម្រិតជាតិស្ករក្នុងបរិមាណត្រឹមត្រូវ។ ពេលញ៉ាំអាហារផ្អែម លំពែងនឹងបញ្ចេញអាំងស៊ុយលីន និងបញ្ជូនគ្លុយកូសទៅកាន់កោសិកាក្នុងរាងកាយ ដែលអាចជួយឲ្យអ្នកមានកម្លាំងពេញលេញ។ នៅពេលដែលវាធ្វើការចប់រួចរាល់ អ្នកនឹងអស់កម្លាំងសាជាថ្មីម្តងទៀត ព្រោះរាងកាយត្រូវការជាតិស្ករបន្ថែម បង្កឲ្យថាមពលឡើងចុះមិននឹងនរ។

៤. ឡើងទម្ងន់
គ្រាន់តែការញ៉ាំសូកូឡា ឬនំខេក ដែលមើលទៅក្នុងបរិមាណតិចតួចសោះ ប៉ុន្តែវានឹងអាចធ្វើឲ្យអ្នកឡើងគីឡូដោយមិនដឹងខ្លួន។ សូម្បីតែចំណីឬនំ ដែលអ្នកញ៉ាំលេងកំដរមាត់ ប្រសិនបើមានជាតិស្ករខ្ពស់ អ្នកច្បាស់ជាដុះក្បាលពោះស្អុយខកចិត្តមិនខានទេ។

៥. ផ្តាសាយ និងហៀរសំបោរញឹកញាប់
ញ៉ាំឬផឹករបស់ផ្អែមច្រើនពេក ធ្វើឲ្យកោសិកានៃប្រព័ន្ធការពារភាពស៊ាំរបស់រាងកាយ គ្មានសមត្ថភាពតតាំងជាមួយនឹងបាក់តេរី ពេលដែលអ្នកឈឺ។ ដោយសារតែវីតាមីន C ដែលមានតួនាទីប្រឆាំងនឹងជំងឺផ្តាសាយបានបម្លែងទៅជាជាតិស្ករអស់ទៅហើយ។ ហេតុនេះប្រសិនបើអ្នកឧស្សាហ៍ផ្តាសាយ និងហៀរសំបោរញឹកញាប់ គួរកាត់បន្ថយញ៉ាំជាតិស្ករ ហើយជំនួសមកវិញ ដោយការញ៉ាំបន្លែផ្លែឈើ ដែលមានជីវជាតិល្អៗ មានវីតាមីន C វីតាមីន E បេតាការ៉ូទីន និងស័ង្កសីវិញប្រសើរជាង៕