មនុស្សភាគច្រើនតែងតែចៀសមិនផុតពីការឡើងមុននោះទេ។ ពិសេសគឺមុនពេញវ័យរបស់យុវវ័យ។ ក្នុងនោះក៏មានការបែងចែកពីប្រភេទនៃការកើតមុនរវាងមនុស្សប្រុស និងមនុស្សស្រីដូចតទៅ៖

១- វ័យកើតមុន
មុន កើតលើប្រុសៗវ័យជំទង់ ហើយឈប់មានមុនអាយុពាក់កណ្ដាល ២០ ឆ្នាំ។ ឯស្រីៗមានមុនអាយុ ២០ ទៅ ៤០ ឆ្នាំឡើងទៅ ខ្លះអាចមានមុនពេលមានផ្ទៃពោះ។

២- មូលហេតុកើតមុន
មូលហេតុចម្បងនាំឲ្យឡើងមុន គឺដោយសារអ័រម៉ូនតែម្ដង។ ប្រុសៗវ័យជំទង់ មានអ័រម៉ូនម្យ៉ាងឈ្មោះ អង់ដ្រូសែន ធ្វើឲ្យសារធាតុសេប៉ូម (ខ្លាញ់) ច្រើនលើស្បែក ពិសេសមុខ។ អ័រម៉ូន តេស្តូស្តេរ៉ូន ជាប្រភេទអ័រម៉ូនអង់ដ្រូសែនម្យ៉ាង ធ្វើឲ្យមានការលូតលាស់រោមលើរាងកាយ និងសាច់ដុំ។ វាជួយឲ្យកើនឡើងសារធាតុសេប៉ូម ដែលជាសារធាតុអាហាររបស់បាក់តេរី។ បាក់តេរី ដូចជា Propinonibacterium អាចធ្វើឲ្យមានបញ្ហាមុនធ្ងន់ធ្ងរ។ សារធាតុសេប៉ូម (ខ្លាញ់) ជាហេតុធ្វើឲ្យស្ទះគល់រោម។ សញ្ញានេះមានដុំពកតូចៗ ខ្ទុះ ឬគ្មាន។ ស្រីៗក៏រងឥទ្ធិពលអ័រម៉ូន អង់ដ្រូសែនដែរ។

៣- ព្យាបាលមុន
ពេលឡើងមុន គួរទៅជួបពេទ្យសើស្បែក ដើម្បីទទួលបានវិធីព្យាបាលត្រឹមត្រូវកុំឲ្យឡើងមុន។ ការព្យាបាលអាចជួយការពារកុំឲ្យមានស្នាម។ ដើម្បីព្យាបាលមុនអ័រម៉ូននេះ ត្រូវព្យាបាលឲ្យវាមានតុល្យភាព ហើយត្រូវការពេល ២-៣ ខែ ឬយូរជាងនេះអាស្រ័យលើស្ថានភាព។

វិធីការពារ ឬកាត់បន្ថយការឡើងមុន មាន៖
– កុំប៉ះ ឬអង្អែលស្បែកមានមុន ព្រោះអាចធ្វើឲ្យមានស្នាម ឬអុជៗខ្មៅលើស្បែក
– សម្រាប់ប្រុសៗមានមុន ត្រូវកោរពុកមាត់ដោយប្រយ័ត្ន ហើយព្យាយាមប្រើសាប៊ូ ឬក្រែមសម្រាប់បន្ទន់ពុកមាត់
– ស្រីៗមានផ្ទៃពោះ ត្រូវប្រយ័ត្នចំពោះការប្រើថ្នាំបំបាត់មុនផ្សេងៗ
– សម្អាតស្បែកថ្នមៗ ២ ដងក្នុងមួយថ្ងៃ ប៉ុន្តែកុំប្រើផលិតផលផ្តេសផ្តាស ចំពោះស្បែកដែលងាយរងប្រតិកម្ម និងចៀសវាងខាត់ស្បែក ព្រោះវាធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់។ ការព្យាបាលអាចមានតាមធម្មជាតិ ប្រើឡេ ឬថ្នាំពេទ្យ៕