ផ្លែឈើជួយឲ្យរាងកាយទទួលបានវីតាមីន និងរ៉ែផ្សេងៗ ហើយផ្លែស្រកានាគនឹងផ្ដល់ប្រយោជន៍ទាំងនេះដល់ម៉ាក់ៗ និងកូន។ ផ្លែស្រកានាគ ជាប្រភពនៃវីតាមីន C កាបូអ៊ីដ្រាត កាកសរសៃ និងខ្លាញ់ ដែលអ្វីទាំងនេះសុទ្ធតែល្អចំពោះអ្នកមានផ្ទៃពោះ។

១. វីតាមីនC
អំឡុងពេលពពោះ ការទទួលបានវីតាមីន Cគ្រប់គ្រាន់គឺមានសារសំខាន់ណាស់សម្រាប់ជួយដល់អញ្ចាញ ធ្មេញ និងការលូតលាស់ឆ្អឹងរបស់កូនក្នុងផ្ទៃ។ តាមការណែនាំស្រ្តីមានផ្ទៃពោះគួរទទួលបានវីតាមីនC ៧០មិល្លីក្រាមក្នុងមួយថ្ងៃ ហើយផ្លែស្រកានាគទម្ងន់១០០ក្រាមអាចមានវីតាមីន C ពីបួន ទៅ២៥មិល្លីក្រាម។

២. ប្រភពកាបូអ៊ីដ្រាត
ផ្លែស្រកានាគជាប្រភពកាបូអ៊ីដ្រាតធម្មជាតិ ដោយនៅក្នុងផ្លែស្រកានាគ១០០ក្រាម មានកាបូអ៊ីដ្រាតពីប្រាំបួន ទៅ១៤ក្រាម។ តាមការណែនាំ អំឡុងពេលមានផ្ទៃពោះ ស្រីៗត្រូវញ៉ាំកាបូអ៊ីដ្រាតតិចបំផុត១៣៥ក្រាមក្នុងមួយថ្ងៃ។ កាបូអ៊ីដ្រាតជាប្រភពចម្បងមួយនៃថាមពល និងការលូតលាសរបស់កូនក្នុងផ្ទៃ។

៣. ខ្លាញ់ល្អ
ខ្លាញ់ល្អ មិនត្រឹមតែជាប្រភពនៃថាមពលសម្រាប់ស្រ្តីពពោះ និងកូនក្នុងផ្ទៃប៉ុណ្ណោះទេ វាក៏ជួយដល់ការលូតលាស់ខួរក្បាលកូនផងដែរ។ ញ៉ាំផ្លែស្រកានាគប្រហែល១០០ក្រាម អាចបានខ្លាញ់ល្អប្រហែល០,១ទៅ០,៩ក្រាម ដែលភាគច្រើនជាខ្លាញ់មិនឆ្អែត។ ការញ៉ាំខ្លាញ់ប្រភេទក៏ជួយឲ្យម៉ាក់ៗឡើងទម្ងន់ពេលពពោះបានត្រឹមត្រូវផងដែរ។

៤. កាកសរសៃ
អាហារសម្បូរជាតិសរសៃជួយឲ្យយើងឆាប់ឆ្អែត និងជួយគ្រប់គ្រងដល់ដំណើរការពោះវៀន។ អំឡុងពេលមានផ្ទៃពោះ ស្រីៗយើងអាចមានបញ្ហាទល់លាមក ហើយការញ៉ាំអាហារមានជាតិសរសៃបានគ្រប់គ្រាន់អាចដោះស្រាយបញ្ហានេះបាន។ តាមការណែនាំស្រ្តីមានផ្ទៃពោះគួរញ៉ាំកាកសរសៃ Fiber ឲ្យបាន ២៨ក្រាមក្នុងមួយថ្ងៃ ហើយការញ៉ាំផ្លែស្រកានាគ១០០ក្រាម អាចមានកាកសរសៃប្រហែល០,៣ទៅ០,៩ក្រាម៕