រាជធានីភ្នំពេញ៖ លោកស្រី ប្រាក់ ផល្លី ជាភរិយាកវី ជុំ ប៊ុនធឿន ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយនោះ ប៉ុន្តែដោយសារស្ថានភាពជំងឺសួតធ្ងន់ធ្ងរពេក គាត់បានទទួលមរណភាពនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្នុងវ័យ៦០ឆ្នាំ។

សាច់ញាតិក្រុមគ្រួសារសព បានឲ្យថា សពលោកស្រី ប្រាក់ ផល្លី បានធ្វើការបូជានៅយប់មិញ ហើយធាតុត្រូវប្រគល់ជូនក្រុមគ្រួសារនៅថ្ងៃនេះ ដើម្បីរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់ ។ លោកស្រី ប្រាក់ ផល្លីទោះបីជាស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាលហើយក្តី តែសួតរបស់គាត់រងការវាយប្រហារធ្ងន់ធ្ងរ ពិបាកដកដង្ហើម ដោយក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយ តែយ៉ាងណា ក៏មិនអាចជួយសង្គ្រោះជីវិតលោកស្រីបានដែរ។

សូមបញ្ជាក់ថា លោកស្រី ប្រាក់ ផល្លី ជាភរិយា របស់អ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញ គឺកវី ជុំ ប៊ុនធឿន ។ លោកស្រី ប្រាក់ ផល្លី បានឆ្លងជំងឺកូវីដ-១៩ កាលពីអំឡុងខែមីនា និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ ពេលនោះ ក្រុមគ្រូពេទ្យថា លោកស្រីបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែស្ថានភាពសួតនៅមានសភាពធ្ងន់ធ្ងរ ត្រូវបន្តសម្រាកនៅមន្ទីរពេទ្យទៀត៕