ទីក្រុងបាងកក៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃទី១០ ឧសភានេះ ថាប្រទេសថៃបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួនថ្មីដ៏កាចសាហាវ B1617 ដំបូងគេបង្អស់លើស្ត្រីជនជាតិថៃមានផ្ទៃពោះម្នាក់ វ័យ៤២ឆ្នាំ ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ ដែលហៅកាតថា (CCSA) បានគួសបញ្ជាក់ដូចគ្នានេះថា ករណីឆ្លងថ្មីនេះ ត្រូវបានរកឃើញលើស្ត្រីជនជាតិថៃមានផ្ទៃពោះក្នុងសប្តាហ៍ទី២៥ វ័យ៤២ឆ្នាំម្នាក់ ដែលបានធ្វើដំណើរជាមួយកូនប្រុសរបស់គាត់ មកពីប្រទេសប៉ាគីស្ថានកាលពីខែមុននេះ។

ក្រោយពីបានរកឃើញករណីខាងលើ ក្រសួងការបរទេសរបស់ថៃ កាលពីថ្ងៃច័ន្ទនេះបានប្រកាសថា ខ្លួនក៏នឹងផ្អាកការចេញក្រដាសស្នាមអនុញ្ញាតឲ្យប្រទេស ដែលហៅកាត់ថា COE ដល់ជនបរទេសមកពីប្រទេសប៉ាគីស្ថាន បង់ក្លាដែស និងនេប៉ាល់ចាប់ពីថ្ងៃទី១០ ខែឧសភា តទៅ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃកំពុងប្រយុទ្ធជាមួយរលកឆ្លងជាលើកទី៣ នៃជំងឺ COVID-19 ដែលរីករាលដាលពីចង្កោមនៅក្នុងក្លឹបរាត្រី និងពិធីជប់លៀងកាលពីខែមុន។ នៅថ្ងៃចន្ទនេះ CCSA បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,៦៣០ករណី ក្នុងនោះមាន ០៨នាក់ជាករណីនាំចូលក្រៅពីនោះករណីឆ្លងក្នុងសហគមន៍ទាំងអស់៕