រាជធានីភ្នំពេញ៖ មេខ្យល់ប្តីប្រពន្ធចំនួន២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបាន ។

ការឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន១០នាក់ ក្នុងនោះប្រុសចំនួន៥នាក់ ស្រីចំនួន៤នាក់ និងកុមារចំនួន១នាក់ ត្រង់ភូមិសាស្ត្រ ចំណុចស្ពានបី ភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។

អនុសេនីយ៍ត្រី រ៉េន ឌិន មេបញ្ជាការរង កងអនុសេនាធំ ទី៣ វរសេនាតូច ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បានរាយការណ៍ថា ដោយអនុវត្តតាមបទបញ្ជាមេបញ្ជាការតាមឋានានុក្រម លោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងប៉ូលីសការពារព្រំដែនគោកលេខ៨១៩ និងកម្លាំងផ្នែកសឹករងស្រុកកំរៀង ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង នៅម៉ោង៧.០០ ព្រឹកថៃ្ងទី៤ ខែឧសភា ឆ្នាំ២០២១ ខណៈលោកកំពុងដឹកនាំកម្លាំងដើរល្បាតក៏ជួបមេខ្យល់ប្តីប្រពន្ធ២នាក់ បម្រុងនាំពលករឆ្លងដែនចេញទៅប្រទេសថៃ លោកក៏ចាប់ខ្លួនតែម្តង រួចបញ្ជូនទៅឲ្យអធិការដ្ឋាន នគរបាលស្រុកកំរៀងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា មេខ្យល់ដែលត្រូវបានចាប់ខ្លួន ១.ឈ្មោះ ភោគ ផឿន (ហៅនាង) ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅ ភូមិ ភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

២. ឈ្មោះ សៅ ធី ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅ មិនពិតប្រាកដ បច្ចុប្បន្នពួកគេកំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ចំណែកឯពលករទាំង១០នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កស្រុកកំរៀង៕