រាជធានីភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជាពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ចាត់អោយលោកឧត្តមសេនីយ៍ត្រី នូ ជី វ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំជំនាញខេត្តនិងជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ប្រតិបត្តិការផ្ទាល់ដោយលោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវបន្ទាន់ នៅថ្ងៃទី៣/៥/២០២១ ម៉ោង១៧:៣០នាទី ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ឡិនជី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភ្នំតូចជើង ឃ៉ំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងទូរស័ព្ទ១គ្រឿង នៅចំណុចភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ពាក់ព័ន្ធនឹងករណីបង្ហោះផ្សព្វផ្សាយព៍ត៌មានមិនពិត តាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅថ្ងៃទី៣/៥/២០២១ ម៉ោង១៥: ២៦នាទី អាខោនឈ្មោះ ជី ៚ មានខ្លឹមសារថា «សូមជូនជាដំណឹង សូមប្រយ័ត្នបុរសម្នាក់នេះ បានរត់ចេញពីស្វាយហើយ ត្រូវបានគេមើលឃើញនៅចំណុចឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

តាមការសាកសួរ សាមីខ្លួនបានព៍ត៌មាន ពីអ្នករត់ម៉ូតូឌុបតៗគ្នាថាមានអ្នកកើតកូវីដ បានរត់មកដល់ភ្នំតូច លឺដូច្ចេះខ្លួនក៏បានបង្ហោះព៍ត៌មាននេះភ្នាប់ជាមួយរូបថត អ្នកកើតកូវីដតែម្តង ក្រោយមកបានប្រហែលជា២០នាទី ខ្លួនក៏បានលុបចេញ ហើយសុំទោសទទួលនូវព៍ត៌មានមិនច្បាស់ ។

សូមបញ្ជាក់ថា អ្នកកើតកូវីដ កំពុងគ្រូពេទ្យបានទៅព្យាបាលមិនដូចព៍ត៌មានចុះក្នុងហ្វេសប៊ុកទេ ។ ដោយបានការសំរបសំរួលពីព្រះរាជអាជ្ញា នៅថ្ងៃទី០៤/០៥/២០២១ សាមីខ្លួនបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណះនូវកំហុសរបស់ខ្លួន តាមអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន ហើយអាណាព្យាបាលបានធានាយកទៅលំនៅដ្ឋានវិញ៕